​អាថ៌កំបាំង​ជា​ច្រើន​ក្នុង​អាជីព​ដឹក​នាំ​របស់​លោក Sir Alex Ferguson ​នៅ​ក្រុម​បិសាច​ក្រហម​ Manchester United ​ត្រូវ​បាន​គាស់​កកាយ​ឱ្យ​សាធារណជន​បាន​ដឹង​ក្នុង​សៀវភៅ​ស្វ័យជីវប្រវត្តិ​ដែល​​​សម្ពោធ​ជា​ផ្លូវការ​ម្សិលមិញ។

អត្ថបទ​៖ សំណល់​ស្ករ​កៅស៊ូ​ចុង​ក្រោយ​របស់ Sir Alex ​ដាក់​ដេញ​ថ្លៃ

ក្នុង​សៀវភៅ​ស្វ័យជីវប្រវត្តិ​​​​​នោះ លោក​ Sir Alex ​បាន​រិះគន់​អតីត​កីឡាករ​របស់​លោក​មួយ​ចំនួន​ដូច​ជា David Beckham, Roy Keane  ក៏​ដូច​ជា Anderson និង Carlos Tevez ​តែ​​ក៏​មាន​ការ​សរសើរ​ដែរ នោះ​គឺ​សរសើរ​ Cristiano Ronaldo។

អត្ថបទ​៖ Sir Alex និង Bale ឈ្នះ​ពាន​អ្នក​ចាត់ការ និង​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល

ចំពោះ ​David Beckham ​លោក Sir Alex រៀបរាប់​ថា​​អតីត​ខ្សែ​បម្រើ​ដែល​ដុះដាល​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លិប​បិសាច​ក្រហម​ម្នាក់​នេះ​ចាប់​ផ្ដើម​ឈ្លក់​វង្វេង​នឹង​កេរ្តិ៍ឈ្មោះ ហើយ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ក្នុង​​ការ​លេង​បាល់​នៅ​ចុង​ទសវត្ស​ទី​៩០ ជាពិសេស​ក្រោយ​ពេល​​រៀបការ​ជាមួយ​តារា​ចម្រៀង​ប៉ុប Victoria Adams ក្នុង​ឆ្នាំ​១៩៩៩​រួច ការ​គិត​របស់​គេ​​បាន​ប្រែប្រួល​ទាំង​ស្រុង។ “បញ្ហា​ធំ​សម្រាប់​ខ្ញុំ​គឺ​ថា​គេ (Beckham) បាន​លង់​ស្នេហ៍​ Victoria។ ការ​លង់​ស្នេហ៍​នោះ​បាន​ផ្លាស់​ប្ដូរ​អ្វី​ៗ​គ្រប់យ៉ាង។ គេ​ជា​កីឡាករ​ដែល​ខ្ញុំ​បង្វឹក​តែ​ម្នាក់​គត់​ដែល​ចង់​ល្បី​ទាំង​ក្នុង​បាល់ទាត់​និង​ទាំង​ជីវិត​ឯកជន”។ ​លោក​ Sir Alex បញ្ជាក់។ ​លោក​បន្ត​ថា​​ការ​ដែល​លោក​សម្រេច​ចិត្ត​លក់​ Beckham ​ទៅ​ឱ្យ Real Madrid ​គឺ​បន្ទាប់​ពី​មាន​​រឿង​រ៉ាវ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០០៣ ក្នុង​ថ្ងៃ​ដែល​ Man Utd ប្រកួត​ចាញ់ Arsenal ក្នុង​ពាន​រង្វាន់​ FA Cup នៅ​លើ​ទឹកដី​ខ្លួនឯង។ ពេល​នោះ​​​លោក​​មួម៉ៅ​យ៉ាង​ខ្លាំង ​ហើយ​បាន​ទាត់​​ការ៉ាមប៉ុង​​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​​ហោះ​ទៅ​ចំ​ចិញ្ចើម​របស់​ Beckham ​ដោយ​ចៃដន្យ​។ ​ប៉ុន្តែ​អ្នកចាត់ការ​ដែល​ល្បីល្បាញ​ខាង​មិន​ចេះ​ទ្រ​កីឡាករ​រូប​នេះ ​មិន​បាន​សូមទោស​ Beckham ឬ​និយាយ​អ្វី​ដើម្បី​សម្រាល​ស្ថានការណ៍​ឡើយ ​ហើយ​មួយ​ថ្ងៃ​បន្ទាប់​មក​ ​រឿងរ៉ាវ​នេះ​បាន​លេច​ឡើង​ក្នុង​សារព័ត៌មាន។

អត្ថបទ​៖ ទិដ្ឋភាព​ដ៏​រំជួល​ចិត្ត​នៅ Old Trafford ​យប់មិញ

បុរស​ដែល​ធ្វើ​ជា​​គ្រូ​បង្វឹក​នៅ​ក្រុម​ St. Mirren, Aberdeen ​និង​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន ​មុន​ពេល​ផ្លាស់​មក​ Old Trafford ​បញ្ជាក់​ច្បាស់​ថា​៖ “អំឡុង​ពេល​នោះ ​ខ្ញុំ​បាន​ប្រាប់​ទៅ​ថ្នាក់​គ្រប់គ្រង​ក្លិប​ថា David (Beckham) ត្រូវ​ចាកចេញ​ពី​ក្លិប។ នៅ​ពេល​ណា​ដែល​កីឡាករ​របស់​ក្រុម​ Manchester United ​ណា​ម្នាក់​ឡើង​ចាង​ធំ​ជាង​អ្នកចាត់ការ ​កីឡាករ​រូប​នោះ​ត្រូវ​តែ​ចាកចេញ​ពី​ក្លិប។ នោះ​ជា​ការ​ព្រមាន​ចុង​ក្រោយ​នៃ​អាជីព​របស់​គេ​នៅ Old Trafford”។​

ចំណែក​ឯ Roy Keane វិញ អតីត​អ្នកចាត់ការ​ដែល​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ពី​ឆ្នាំ​១៩៨៦​ដល់​២០១៣ បង្ហើប​ថា​ លោក​បាន​ប្រាប់​ឱ្យ​អតីត​​​ប្រធាន​ក្រុម​របស់​ក្លិប​រូប​នេះ​ ចាកចេញ​ពី​ក្លិប ក្រោយ​ពេល​​រូប​គេ​​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​រិះគន់​​​មិត្ត​រួម​ក្រុម ដូច​ជា Kieran Richardson, John O’Shea, Darren Fletcher ​និង​ Rio Ferdinand​​​ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​របស់​ក្លិប (MUTV) ក្នុង​ឆ្នាំ​២០១៥។ ​រឿង​នោះ​ហើយ​ដែល​បណ្ដាល​ឱ្យ​ទំនាក់ទំនង​របស់​លោក​ ជាមួយ​ Keane បាត់បង់​និង​​ស្ដារ​លែង​ឡើង​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

Wayne Rooney ត្រូវ​បាន​លោក Sir Alex បរិយាយ​ក្នុង​សៀវភៅ​ដែល​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​​ក្នុង​តម្លៃ​២៥​ផោន (៤០,៥​ដុល្លារ) ថា​ខ្សែ​ប្រយុទ្ធ​​រូប​នេះ​បាន​សូម​ចាកចេញ​ពី​ក្លិប​២​លើក​រួច​មក​ហើយ ​ដោយ​លើក​ទី​១​ក្នុង​ឆ្នាំ​២០១០ ​និង​លើក​ទី​២​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៣​ថ្មីៗ​នេះ។ លោក​ Sir Alex ​បញ្ចេញ​ការ​សម្ងាត់​ថា​ ពេល​ Rooney សូម​ចាកចេញ​លើក​ទី​១​នោះ គឺ​ដោយសារ​រូប​គេ​បារម្ភ​ពី​មហិច្ឆតា​របស់​ក្លិប​ Man Utd ​និង​បាន​ជំរុញ​លោក​ឱ្យ​ទិញ​​ខ្សែ​បម្រើ​​ប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Mesut Ozil ​ដែល​ផ្ទេរ​ពី Werder Bremen ​ទៅ​ Real Madrid យក​មក​រួម​ក្រុម។ ពេល​នោះ លោក​ក៏​​តប​ទៅ Rooney ​វិញ​ថា​​វា​មិន​មែន​ជា​ការងារ​របស់​អ្នក​ទេ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​ទិញ​អ្នក​ណា​មក​រួម​ក្រុម។ ការងារ​របស់​អ្នក​គឺ​ប្រឹង​លេង​ឱ្យ​បាន​ល្អ​ដើម្បី​ជួយ​ក្រុម។ រីឯ​​មូលហេតុ​នៃ​ការ​សូម​ផ្លាស់​ក្លិប​ជា​លើក​ទី​២ គឺ​ដោយសារ​គេ (Rooney) ហាក់​នឿយណាយ​នឹង​ការ​ប្រកួត​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ ហើយ​អត់​សប្បាយ​ចិត្ត​ដោយសារ​អត់​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​មួយ​ចំនួន ហើយ​ការ​ប្រកួត​ផ្សេង​ទៀត​បាន​លេង​ដែរ​តែ​លេង​អត់​ពេញ​ម៉ោង ពោល​គឺ​ត្រូវ​ប្ដូរ​ចេញ​មុន​ចប់​ការ​ប្រកួត។

អត្ថបទ​៖ ថ្ងៃ​ដំបូង​និង​ថ្ងៃ​ចុង​ក្រោយ​របស់​លោក Sir Alex នៅ Old Trafford ខុស​គ្នា​ប៉ុនណា?

សៀវភៅ​នោះ​ក៏​បាន​រំឭក​អំពី​បរាជ័យ​០-២​ក្រោម​ថ្វី​ជើង​ក្រុម Barcelona ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ​២០០៩ ដោយ​លោក Sir Alex បាន​ទម្លាក់​កំហុស​លើ Anderson និង Carlos Tevez ខ្លាំង​ជាង​កីឡាករ​នានា ​​ក្រោម​​សម្ដី​​និយាយ​ថា Anderson បោះ​បាល់​ចេញ​បាន​តែ​៣​ជើង​ប៉ុណ្ណោះ​ក្នុង​តង់​ទី​១ ខណៈ Tevez ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​លេង​ក្នុង​តង់​ទី​២ លេង​ដើម្បី​តែ​ខ្លួន​ឯង​ជា​លក្ខណៈ​បុគ្គល មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ក្រុម​ទាំង​មូល​ឡើយ។

ដោយឡែក លោក Sir Alex បាន​ពណ៌នា Cristiano Ronaldo ដែល​ចាកចេញ​​ទៅ​រួមរស់​ជាមួយ Real Madrid ក្នុង​ឆ្នាំ​២០០៩​ ថា ​ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​​ពិសេស​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ចំណោម​កីឡាករ​ទាំង​ឡាយ​ដែល​លោក​បាន​បង្វឹក និង​ថា​ពេល​លោក​មើល​ Ronaldo ​លេង​លើក​ទី​១ គឺ​ជា​ពេល​ដែល​លោក​មាន​អារម្មណ៍​រំភើប​បំផុត​ក្នុង​អាជីព​ដឹកនាំ​ក្រុម​បាល់ទាត់។

អត្ថបទ​៖ Neville ​ថា​កុំ​ព្រួយ​ពី​ Moyes ​ស្រប​ពេល​ម្ចាស់​ក្លិប​ Man Utd ​បន្ត​គាំទ្រ​ទាំង​ទឹកលុយ​និង​ទឹកចិត្ត

ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​ លោក Sir Alex ទម្លាយ​អាថ៌កំបាំង​ថា​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បាន​ទាក់ទង​លោក​២​ដង​ឱ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយ​លើក​ទី​១​ក្នុង​ឆ្នាំ​១៩៩៩ និង​លើក​ទី​២​ក្នុង​ឆ្នាំ​២០០១ ប៉ុន្តែ​លោក​បដិសេធ​ទាំង​ពីរ​ដង។​

​ជា​ចុង​ក្រោយ​ នៅ​ក្នុង​សន្និសីទកាសែត​សម្ពោធ​សៀវភៅ​ស្វ័យ​ជីវប្រវត្តិ​របស់​ខ្លួន​​នោះ លោក Sir Alex បាន​និយាយ​លើក​ទឹកចិត្ត​ជា​ថ្មី​ម្ដង​ទៀត​ដល់​អ្នក​ស្នង​តំណែង​របស់​ខ្លួន លោក David Moyes ដែល​កំពុង​ដឹក​នាំ​ក្រុម Man Utd ចេញ​ដេប៉ា​​ក្នុង​លីក​កំពូល​អង់គ្លេស​យ៉ាង​យ៉ាប់​បំផុត​ពុំ​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ឆ្នាំ​១៩៨៩មក។ លោក Sir Alex សង្កត់​ធ្ងន់​ថា​៖ “តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី Man Utd ទេ? Man Utd គឺ​ជា​ក្លិប​តែ​មួយ​គត់​នៅ Premier League ​ដែល​អាច​ឈ្នះ​ជើងឯក​លីក​ ដោយ​ដេញ​ពិន្ទុ​ពី​ក្រោយ​គេ! ជឿ​ខ្ញុំ​ទៅ! នៅ​ពេល​ណា​ក្រុម​ចាប់​ផ្ដើម​ទទួល​បាន​លទ្ធផល ​អ្វី​ៗ​នឹង​កាន់​តែ​ប្រសើរ​ឡើង​ៗ ប្រៀប​ដូច​ដុំ​ថ្ម​មូល​ធំ​មួយ​ធ្លាក់​ពី​លើ​ភ្នំ​មក​អីចឹង គឺ​កាន់​តែ​ជក់​ខ្យល់​លឿន​ទៅ​ៗ។ David Moyes ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ព្រោះ​យើង​មាន​ប្រព័ន្ធ​គាំទ្រ​ដ៏​អស្ចារ្យ​មួយ”។​

អត្ថបទ​៖ Moyes ​ប្រាប់​ Kagawa ​ឱ្យ​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​បើ​សិន​ចង់​ជាប់​ជម្រើស​ដំបូង​ទៀងទាត់

ក្នុង​រយៈ​ពេល​ជាង​២៦​ឆ្នាំ​​នៅ Old Trafford ​លោក Sir Alex នាំ​ឱ្យ Man Utd ​ឈ្នះ​ជើងឯក​ជា​ច្រើន ​រួម​មាន ​ជើងឯក Premier League ១៣​លើក FA Cup ​៥​លើក​ League Cup ៤​លើក FA Community Shield ១០​លើក​ UEFA Champions League ២​លើក UEFA Cup Winners’ Cup ១​លើក​ UEFA Super Cup ​១​លើក​ Intercontinental Cup ​១​លើក និង FIFA Club World Cup ១​លើក​៕

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​&​រូបថត​៖​ channelnewsasia