បុរសពីរនាក់ឈ្លោះទាស់ទែងគ្នារឿងអត់ទុកបាយឲ្យគ្នាហូប ក្លាយទៅជាអំពើហិង្សាវាយគ្នារបួសទាំងសងខាង សមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ
ខេត្តប៉ៃលិន ៖ បុរសពីរនាក់បានប្រើអំពើហិង្សា វាយតប់គ្នាទៅវិញទៅមកយ៉ាងសាហាវ ដោយសារបុរសម្នាក់ដាំបាយ ហូបតែម្នាក់ឯងអស់រលីង អត់ទុកឲ្យបុរសម្នាក់ទៀត ដែលជាប់រវល់ធ្វើការ សំណង់ហូបឡើយ បណ្តាលឲ្យខឹងជេរឌឺដង ដាក់គ្នារហូតដល់បង្កជាអំពើហិង្សា ដេញវាយតប់គ្នា ម្នាក់ជាំក្បាល ម្នាក់ជាំខ្លួន ផ្អើលទាំងថ្ងៃ ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ចាប់ឃាត់ខ្លួនយកទៅអប់រំ កាលពីវេលាម៉ោង ២ និង ៣០នាទី រសៀលថ្ងៃទី២៣ តុលា ២០១៣ ស្ថិតនៅក្នុងបរិវេណវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
បុរសទី១-ឈ្មោះ ហេង រិន អាយុ ៤៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសប៉ោងក្បាលផ្នែកខាងស្តាំ និងម្នាក់ទៀត ឈ្មោះ រី រម្យ អាយុ ២៥ឆ្នាំ សា្នក់នៅក្នុងវត្តនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រងរបួសជាំខ្លួនផ្នែកខាងស្តាំ និងទ្រូង។
លោកអនុសេនីយ៍ទោ អ៊ុក គា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន បានប្រាប់ឲ្យដឹងថា មានស្រ្តីម្នាក់បានរត់មកប្រាប់ថា បុរសពីរនាក់ខាងលើកំពុងតែឈ្លោះទាស់ទែង វាយគ្នាដោយសារដណ្តើមបាយគ្នាហូបនៅក្នុងបរិវេណវត្តប៉ាហ៊ី ពេលនោះ ខាងលោកក៏បានចុះទៅឃាត់ខ្លួន រួចបញ្ជូនមកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ។ បន្ទាប់ពីសួរនាំរួច បុរសទាំងពីរនាក់បានសារភាពថា ពួកគេបានទាស់ទែងរហូតដល់ឈានវាយប្រយុទ្ធគ្នានេះ ដោយសាររឿងដាំបាយហូបអស់អត់ទុកឲ្យម្នាក់ទៀតហូប។
បុរសមានវ័យចំណាស់បាន និយាយថា បុរសវ័យក្មេងដាំបាយហូបម្នាក់ឯងអស់រលីងអត់ទុកឲ្យគាត់ហូបផងនោះទេ ព្រោះគាត់បានយកអង្ករ និងម្ហូប មកទុកដាំបាយហូបទាំងអស់គ្នា។ ចំណែកបុរសវ័យកណ្តាល បាននិយាយថា ខ្លួនដាំបាយរួចហើយ ក៏ហូបអស់រលីងទៅ ព្រោះភ្លេចគិតពីបុរសចំណាស់ម្នាក់ទៀត ណាមួយគាត់ជាប់រវល់ធ្វើការសំណង់រហូតដល់ថ្ងៃត្រង់នឹកស្មានថា គាត់ហូបបាយនៅទីនោះ រួចរាល់ទៅហើយ។
លោកអនុសេនីយ៍ទោ អ៊ុក គា បានបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការអប់រំណែនាំរួច ក៏ឲ្យឈប់ទាស់ទែងគ្នា និងឈប់មានគំនុំគុំគួនដាក់គ្នា ព្រោះតែរឿងបន្តិចបន្តួចនេះ។ សមត្ថកិច្ចក៏សុំឲ្យពួកគាត់ចាប់ដៃសុំទោសគ្នាទៅវិញទៅមក កុំឲ្យជេរប្រមាថគ្នា ហើយបុរសវ័យក្មេងត្រូវស្គាល់ចាស់ស្គាល់ទុំ។ ក្រោយមក បុរសចំណាស់ក៏ចេញទៅធ្វើការសំណង់ រីឯបុរសវ័យក្មេងក៏ដើរចូលទៅក្នុងវត្តបាត់ស្រមោលតែម្តង៕
