ពាក់វ៉ែនតាមិនបានជាប់លាប់ចំពោះអ្នកមានភ្នែកម្ញូបអាចធ្វើអោយភ្នែក កាន់តែខ្សោយ?
ម្ញូប(Myopia) ត្រូវបានគេស្គាល់ ជាទូទៅ ថាជា ជំងឺដែលអាចមើលឃើញច្បាស់ត្រឹមតែវត្ថុ ដែលនៅជិតៗប៉ុណ្ណោះ។ វា មានន័យថាភ្នែករបស់យើង មិនអាចចាប់ ពន្លឺ រឺ វត្ថុ ដែល នៅឆ្ងាយៗបាន ដែលធ្វើឱ្យយើងមើលឃើញព្រាលៗតែប៉ុណ្ណោះ។ ពន្លឺចូលមកក្នុងភ្នែក ធម្មតា មួយត្រូវបានបញ្ជូន ទៅកាន់ រ៉េទីន (Retina) ដែលនៅផ្នែកខាងក្រោយនៃភ្នែក។
ពន្លឺ នេះត្រូវបាន កំណោងដោយ ប្រស្រីភ្នែក ( ដែល ជាផ្នែកថ្លាមួយនៅផ្នែកខាងមុខ នៃ ភ្នែក ) និង កែវភ្នែកដែលនៅខាងក្នុង ភ្នែក។ បើសិនជា រូបភាព ត្រូវបាន បញ្ជូន នៅលើ រ៉េទីន នោះយើង នឹងមើលឃើញ រូបភាពយ៉ាងច្បាស់លាស់ ។ នៅពេលដែល មនុស្សម្នាក់មាន ភ្នែកម្ញូប រូបភាព នេះត្រូវបាន បញ្ជូនត្រឹមតែ នៅខាងមុខ នៃ រ៉េទីនតែប៉ុណ្ណោះ ដូច្នេះ ហើយទើបធ្វើអោយគាត់មើលឃើញព្រាលៗ។
មូលហេតុដែលធ្វើអោយយើងមានភ្នែកម្ញូបមានដូចជា៖
- តំណរពូជៈ ប្រសិនបើមានញាតិសណ្ដានណាម្នាក់មានភ្នែកម្ញូប នោះវានឹងបន្តភាគច្រើនទៅលើសមាជិកគ្រួសារដែលក្មេងជាងគេ។
- បរិស្ថានៈ ប្រសិនបើ មនុស្សម្នាក់ បាន ចំណាយពេលយូរ ដើម្បីផ្តោតអារម្មណ៍ទៅលើ វត្ថុដែលនៅជិតៗដូចជា ការអាន ឬ មើលអេក្រង់កុំព្យូទ័រ។ម្ញូប ជាធម្មតា ចាប់ផ្តើមវិវឌ្ឍ ចំពោះបុគ្គលដែលមានអាយុ ចន្លោះពី 8 ទៅ 14 ឆ្នាំ ហើយកាន់តែអាក្រក់ នៅពេលដែលបុគ្គលនោះ មានអាយុប្រហែល 20 ឆ្នាំ។
វិធីការពារ និងព្យាបាលៈ
សំរាប់កូនក្មេង និងមនុស្សវ័យជំទង់ ត្រូវអោយមើលរូបភាពជាមួយនឹង វ៉ែនតា ដែលមានកញ្ចក់ផតចូលក្នុង (Concave Lens) រឺ លេនបិទជាប់ភ្នែក (Contact lens)។
សំរាប់មនុស្សវ័យជំទង់ ការធ្វើការវ៉ះកាត់ទៅលើប្រស្រីភ្នែកគឺមានប្រយោជន៍ណាស់ ប៉ុន្តែមិនអាចធ្វើវាចំពោះកូនក្មេងទេ ព្រោះភ្នែករបស់គេមិនទាន់វិវឌ្ឍបានពេញ លក្ខណៈនៅឡើយ។
ចំពោះការពាក់វ៉ែនតា, ប្រសិនបើយើងពាក់វ៉ែនតា នោះយើងនឹងអាចមើលឃើញច្បាស់ តែមិនមែនមានន័យថា ពេលយើងមិនពាក់វ៉ែនតា ភ្នែកយើងនឹងកាន់តែខ្សោយ នោះទេ។ វាសំខាន់ខ្លាំងណាស់ត្រូវពាក់វ៉ែនតា នៅពេលធ្វើដំណើរតាមផ្លូវ រីឯនៅសាលាវិញយើងមិនចាំបាច់ពាក់វ៉ែនតាទេ គឺគ្រាន់តែអង្គុយនៅជិតក្តា ខៀនក៏បាន៕
