ថៃ ៖ យីងឡាក់ ថ្លែង ទាំងទឹកភ្នែកថា នឹងមិនចុះចេញ ពីតំណែង, គណបក្ស ប្រជាធិបតេយ្យ បន្ដបង្កើន សម្ពាធ


ប្រភព៖ ដើមអម្ពិល

បាងកកប៉ុស្ដិ៍ៈ នាយករដ្ឋមន្រ្តីថៃ លោក ស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា បានថ្លែងទាំងអួលដើមក ថា លោក ស្រី នឹងមិនលាលែងពីតំណែងទេ បើដរាបណា គណបក្សប្រជាធិបតេយ្យនៅតែបន្ដ រក្សាសម្ពាធ ហើយ បានទទូចថា លោកស្រីនឹងមិនចុះចេញពីតំណែង នាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ គណៈរដ្ឋ មន្ត្រីថ្មីមួយ ត្រូវបានបង្កើតឡើង ។ ក្នុងខណៈពេលថ្លែងសន្ទរៈកថា តាមបុស្តិ៍ ទូរទស្សន៍ជាតិ កាលពីព្រឹកថ្ងៃ អង្គារនេះ ដោយនិយាយទាំងអួលដើមក “ហេតុអ្វី យើងត្រូវមកធ្វើបាបគ្នាទៅវិញទៅមក យើងជាជាតិសាសន៍ថៃដូច គ្នា ?”។

លោកស្រីយីងឡាក់ បានថ្លែងទាំងអួលដើមកថា “ខ្ញុំបានដកថយឆ្ងាយហើយ រហូតដល់ចំណុច មួយ ដែល ខ្ញុំមិនដឹងថា គួរថយដល់ចំណុចណាទៀតនោះទេ ។ តើពួកអ្នក (ក្រុមអាវលឿង) ចង់ឲ្យខ្ញុំមិនអាចសូម្បីតែ ឈានជើងជាន់ទឹកដីថៃទៀតមែនទេ?”។ លោកស្រី យីងឡាក់ ក៏បានអំពាវនាវឲ្យបក្សប្រឆាំង ជួយប្រាប់ ទៅកាន់ក្រុមបាតុករ ឲ្យចូលរួមការបោះឆ្នោត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ទាំងអស់គ្នាផង ដែរ ។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែង នាយករដ្ឋមន្រ្តីចាំផ្ទះ ដោយលោក ស៊ូថេប ថងស៊ូបាន បានប្រកាសដាក់កំហិតឲ្យ លោកស្រី យីងឡាក់ ចុះ ចេញពីតំណែង ក្នុងរយៈពេល ២៤ម៉ោង កាលពីវេលាម៉ោង ១០និង៣០នាទី ម្សិលមិញនេះ ។

លោក ស៊ូថេប ថងស៊ូបាន បាននិយាយថា បើចុះគឺបាតុកម្មនឹងត្រូវបញ្ចប់ តែបើមិនព្រមចុះ ក្រុមបាតុកម្ម នឹងធ្វើបន្តទៀត រហូតដល់ជីកកកាយ ឬសគល់របស់ត្រកូលថាក់ស៊ីន ចេញពីប្រទេសថៃបានសម្រេច ៕

T-0180

ប្រភពពី៖​ www.khmer-note.com

Related

International news 3212403368512129670

Post a Comment

emo-but-icon

item