ជនសង្ស័យ ដែលគប់គ្រាប់បែក ចូលក្នុងពិធីមង្គលការ បណ្តាលឲ្យមាន មនុស្សស្លាប់៩នាក់ និងរបួស៣០នាក់ ជារឿងគំនុំ (UPDATE ចុងក្រោយ)
ភ្នំពេញ ៖ លោកឧត្តមសេនីយ៏ត្រី ផាន់ សុផេង ស្នងការនគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា តាមការ សន្និដ្ឋាន របស់សមត្ថកិច្ច ដែលសំអាងលើភស្តុតាងគ្រាប់គ្រាន់ សំរាប់ដាក់បន្ទុក រឿងនេះ គឺជាករណីគំនុំ ដោយក្នុងហេតុ ការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន លើមុខ សញ្ញាសង្ស័យបានម្នាក់ និងកំពុងធ្វើការសាកសួរនៅអធិការ នគរបាលស្រុក ប្រាសាទសំបូរ នេះបើយោងតាមតាមការផ្សព្វផ្សាយពី គេហទំព័ររបស់អគ្គស្នងការដ្ឋាន នគរជាតិ។
ប្រភពខាងលើបន្តថា កន្លងមកជនសង្ស័យម្នាក់នេះ មានមុខរបជាយោធានៅព្រំដែន និងបានសំរាកមកលេងផ្ទះ បងប្អូននៅក្នុងភូមិ មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃជន សង្ស័យធ្លាប់បានផឹកស៊ីនៅផ្ទះជនរងគ្រោះជាកូនកំលោះ រហូត មានទំនាស់ជាមួយគ្នា ដោយសារជនសង្ស័យបានឡកឡឺយលែបខាយដាក់កូនក្រមុំ ប៉ុន្តែជំលោះត្រូវ បានដោះ ស្រាយដោយអាជ្ញាធរមូលដ្ឋាន ដែលតំរូវឲ្យជនរងគ្រោះជាកូនកំលោះសង ២០ម៉ឺនរៀលជាការបញ្ចប់រឿង។
ប្រភពដដែលបន្ថែមថា អ្វីដែលគេស្មានមិនដល់រៀងរ៉ាវទាំងនេះ មិនបានធ្វើ ជនសង្ស័យស្ងប់ចិត្តឡើយ រហូតដល់ ថ្ងៃជនរងគ្រោះរៀបការ ខណៈកំពុងមានពិធីរាំរែក ជនសង្ស័យបានបោកបំផ្ទុះគ្រាប់បែកជាការសងសឹក និងមាន ចេតនារំខានដល់កម្មវិធី មង្គលការរបស់ជនរងគ្រោះតែម្ដង ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ មានពិធីរៀបមង្គលការរវាងកូនកំលោះ ឈ្មោះ ជា ចក់ អាយុ២៤ឆ្នាំ និង កូនក្រមុំ ឈ្មោះភឿន សុផល អាយុ២២ឆ្នាំ នៅក្នុងភូមិ ជាំ ហើយនៅយប់ថ្ងៃកើតហេតុ ជាថ្ងៃចូលរោងការ និង មានពិធីរាំកំសាន្តពេលយប់ ដែលជាឱកាសឲ្យជនសង្ស័យបោកបំផ្ទុះគ្រាប់បែកចូលក្នុងរោង និងបណ្ដាលឲ្យមាន អ្នកស្លាប់ក្នុងចំណោម៩នាក់ ក្នុងនោះមានឈ្មោះ វ៉ែន លឹម អាយុ៥៧ឆ្នាំ ជាមេភូមិរង ក៏បានស្លាប់ភ្លាមៗ ។ ដោយឡែកកូនកំលោះរបួសធ្លាយដៃ ចំណែកកូនក្រមុំរបួសធ្ងន់ខ្ទេចជើង ក្រៅពីនោះអ្នកស្លាប់ និងអ្នករបួស ផ្សេងៗ ជាអ្នកស្រុកភូមិមកចូលរួមក្នុងពិធី ។ បន្ទាប់ពីមានហេតុការណ៍កើតឡើង ពិធីមង្គលការទាំងមូល ត្រូវ បានបិតទាំងស្រុង ដែលមុននេះគេបានលឺសំលេងភ្លេងការ ប៉ុន្តែលុះព្រឹកឡើងគេបានលឺសំលេងបុណ្យខ្មោច ទ្រហឹងពេញភូមិ គួរឲ្យសង្វេក ដោយឡែកអ្នកភ្នួងរត់ចោលកូនក្រមុំ ម្ចាស់បាស់ រត់ចោលធុងបាស់ អ្នកភ្លេងត្រូវវេចបង្វិចទាំងមិនទាន់បានទូទាត់លុយ ព្រោះអ្វីដែល កើតឡើងគ្មានអ្នកណាម្នាក់ស្មានដល់ ៕
