Ancelotti នាំ Real ធ្វើកក្រុមចាស់ Juventus បានទេ?
ក្នុងពានរង្វាន់ UEFA Champions League វេលាម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះ ក្រុម Real Madrid របស់លោក Carlo Ancelotti ត្រូវតតាំងនឹង Juventus របស់លោក Antonio Conte។ លោក Ancelotti ស្គាល់បាល់អ៊ីតាលីច្បាស់ណាស់ពីព្រោះកាលនៅជាកីឡាករ លោកលេងនៅអ៊ីតាលីតាំងពីដើមដល់ចប់ ហើយក៏ធ្លាប់ដឹកនាំក្រុមនៅអ៊ីតាលីជាច្រើនដែរ ដូចជា Reggiana, Parma, Juventus និង AC Milan មុនផ្លោងមកដល់ Real Madrid បច្ចុប្បន្ន។ ដូច្នេះ តើ Real Madrid យប់នេះធ្វើក Juventus បានឬទេ?
អត្ថបទ៖ ពូល F កាន់តែតានតឹងក្រោយ Dortmund ស៊ី Arsenal, Napoli ស៊ី Marseille
ព័ត៌មានជើងកីឡាករ
Gareth Bale រងរបួសភ្លៅពេលកម្ដៅសាច់ដុំត្រៀមប្រកួតទល់នឹង Getafe កាលពីថ្ងៃទី២២ កញ្ញា ប៉ុន្តែសប្ដាហ៍មុនពេល Real Madrid ឈ្នះ Malaga ២-០ អតីតសមាជិកក្រុម Spurs រូបនេះបានចូលលេងចុងម៉ោងហើយរកបានបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់ឱ្យ Ronaldo ជាអ្នកស៊ុត។ នៅយប់នេះ គេរំពឹងថាខ្សែបម្រើស្លាបជម្រើសជាតិវេលវ័យ២៤ឆ្នាំ នឹងមានឱកាសចូលលេង ទោះជា Real ត្រូវត្រៀមកម្លាំងធ្វើដំណើរទៅទឹកដី Barcelona នាថ្ងៃសៅរ៍នេះក៏ដោយ។ ខ្សែប្រយុទ្ធ Karim Benzema ខ្សែការពារ Fábio Coentrão និង Raphaël Varane រំពឹងថាចូលលេងវិញបានក្នុងយប់នេះ ប៉ុន្តែខ្សែបម្រើ Xabi Alonso មិនទាន់ជាពីរបួសបាក់ឆ្អឹងប្រអប់ជើងនៅឡើយទេ។
សម្រាប់ Juventus ដែលបណ្ដោយឱ្យរបូតការនាំមុខ២-០ទៅជាបរាជ័យ ៤-២ នៅទឹកដី Fiorentina កាលពីថ្ងៃអាទិត្យ នឹងអវត្តមានតួសំខាន់មួយចំនួនដូចជាខ្សែប្រយុទ្ធ Mirko Vučinić និងខ្សែការពារ Stephan Lichtsteiner។ Fabio Quagliarella ក៏អវត្តមានដែរ ដោយសាររបួសភ្លៅ។
អត្ថបទ៖ Ronaldo ហ៊ែតទ្រីកលើកទី២១នៅ Real ខណៈ Rooney ស៊ុតគ្រាប់ទី២០០នៅ Man Utd
រឿងខ្លះៗដែលគួរដឹងរវាងក្រុមទាំងពីរ
ក្រុមទាំងពីរធ្លាប់ជួបគ្នា១៤លើករួចមកហើយក្នុងពានរង្វាន់ទ្វីបអឺរ៉ុប (Champions League/Europa League) ហើយលទ្ធផលមិនដែលមានស្មើទេ មានតែចាញ់និងឈ្នះតែម្ដង។ ជួបគ្នា៦លើកនៅ Bernabeu, Real ឈ្នះ៤ដង ចាញ់២ដង ខណៈជំនួប៦លើកនៅដីរបស់ Juventus ក្រុមរបស់ប្រទេសអ៊ីតាលីមួយនេះឈ្នះ៥ដង ចាញ់តែម្ដងប៉ុណ្ណោះ។
Juventus ឈ្នះនៅទឹកដី Real លើកចុងក្រោយ គឺកាលពីខែវិច្ឆិកាឆ្នាំ២០០៨ កាលណោះ Juventus ឈ្នះ២-០ក្នុងការប្រកួតសន្សំពិន្ទុតាមពូល។
យ៉ាងណាក្ដី Real Madrid មិនដែលចាញ់ឡើយក្នុងការប្រកួត Champions League ក្នុងដីខ្លួនឯង១៣លើកចុងក្រោយនេះ ពោលគឺឈ្នះ១១លើក ស្មើ២លើក និងទាត់បញ្ចូលទីគេបានដល់ទៅ៤៣គ្រាប់។
ចំណែក Juventus វិញ លេង Champions League ៤ប្រកួតចុងក្រោយ មិនដែលឈ្នះសោះ បានត្រឹមតែស្មើ២ដង និងចាញ់២ដង។
២៧ប្រកួតចុងក្រោយក្នុងពានរង្វាន់ Champions League, Real Madrid តែងតែរកគ្រាប់បាល់បញ្ចូលទីគូប្រកួតបានជានិច្ច។ លើសពីនេះ ម្ចាស់ជើងឯក Champions League ៩សម័យ គឺជាក្រុមដែលទទួលជ័យជម្នះច្រើនជាងគេបំផុតក្នុងពានរង្វាន់ Champions League និយាយឱ្យចំគឺឈ្នះ១០៧ប្រកួត គិតតាំងពីរដូវកាល១៩៩២-៩៣មក។
Real Madrid ជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងពានរង្វាន់ Champions League រដូវកាលនេះ គឺទាត់ចូលបាន១០គ្រាប់ ហើយ៨គ្រាប់ក្នុងចំណោមគ្រាប់ទាំង១០នោះកើតឡើងក្នុងតង់ទី២។
មានតែ Juventus (៥៣ដង) ប៉ុណ្ណោះជាក្រុមដែលមានឱកាសស៊ុតសំដៅទីគូប្រកួតបានច្រើនជាង Real Madrid (៤១ដង) នៅ Champions League រដូវកាលនេះ។
Cristiano Ronaldo រកគ្រាប់បាល់បញ្ចូលទីបាន២៦គ្រាប់ក្នុងការបង្ហាញខ្លួន២១លើកចុងក្រោយក្នុងពានរង្វាន់ Champions League។ ហើយបច្ចុប្បន្នគេកំពុងឈរលើគេក្នុងបញ្ជីអ្នកទាត់បញ្ចូលទីបានច្រើនជាងគេ គឺពីរប្រកួតកន្លងមកនេះ គេស៊ុតបញ្ចូលទីបានដល់ទៅ៥គ្រាប់។
Andrea Pirlo មិនដែលទាត់ចូលឡើយក្នុងការលេង Champions League ២២លើកចុងក្រោយ។
អត្ថបទ៖ UEFA ដាក់បម្រាមក្លិបរបស់ទួរគី២មិនឱ្យចូលលេង UCL និង UEL ពីបទរៀបចំលទ្ធផល
| ៥ប្រកួតចុងក្រោយរបស់ Real Madrid | ៥ប្រកួតចុងក្រោយរបស់ Juventus |
| ២៥/០៩/១៣ Elche ១-២ Real Madrid (La Liga) | ២៥/០៩/១៣ Chievo ១-២ Juventus (Serie A) |
| ២៨/០៩/១៣ Real Madrid ០-១ At Madrid (La Liga) | ២៩/០៩/១៣ Torino ០-១ Juventus (Serie A) |
| ០២/១០/១៣ Real Madrid ៤-០ Copenhagen (UCL) | ០២/១០/១៣ Juventus ២-២ Galatasaray (UCL) |
| ០៥/១០/១៣ Levante ២-៣ Real Madrid (La Liga) | ០៦/១០/១៣ Juventus ៣-២ AC Milan (Serie A) |
| ១៩/១០/១៣ Real Madrid ២-០ Malaga (La Liga) | ២០/១០/១៣ Fiorentina ៤-២ Juventus (Serie A) |
| ប្រវត្តិជួបគ្នា៦លើកចុងក្រោយ | |
| ០៥/១១/០៨ Real Madrid ០-២ Juventus ២១/១០/០៨ Juventus ២-១ Real Madrid ០៩/០៣/០៥ Juventus ២-០ Real Madrid ២២/០២/០៥ Real Madrid ១-០ Juventus ១៤/០៥/០៣ Juventus ៣-១ Real Madrid ០៦/០៥/០៣ Real Madrid ២-១ Juventus | |
| ព្យាករណ៍របស់ Sabay ចំពោះគូនេះគឺ៖ Real Madrid ២-១ Juventus | |
