អ្នកយកព័ត៌មានស្ត្រីខ្មែរម្នាក់ជាប់ពានរង្វាន់ភាពក្លាហានក្នុងប្រព័ន្ធផ្សព្វផ្សាយ
អ្នកយកព័ត៌មានស្ត្រីកម្ពុជាម្នាក់បានទទួលពានរង្វាន់ភាពក្លាហានក្នុងប្រព័ន្ធផ្សព្វផ្សាយជាមួយស្ត្រីពីររូបទៀតមកពីប្រទេសស៊ីរី និងអាហ្វហ្គានីស្ថានពីសមាគមប្រព័ន្ទផ្សព្វផ្សាយស្ត្រីអន្តរជាតិ(IWMF)នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
កញ្ញា ផន បុប្ផា គឺជាអ្នកយកព័ត៌មានឲ្យភ្នាក់ងារសារព័ត៌មាន The Cambodia Daily។ ការដែលស្ត្រីកម្ពុជារូបនេះអាចឈ្នះពានរង្វាន់ខាងលើគឺដោយសារភាពក្លាហានក្នុងការតាមប្រមាញ់យកព័ត៌មានពីការបំផ្លាញបរិស្ថានតាមរយៈការកាប់ព្រៃខុសច្បាប់។
រាប់ពីឆ្វេង៖ កញ្ញា ផនបុប្ផា (ទី ២) Najiba Ayubi (ទី ៣) និង Edna Machirori (ទី ៤) ដែលឈ្នះពានពី IWMF
ដោយឡែក អ្នកសារព័ត៌មានមកពីប្រទេសចំនួនពីរផ្សេងទៀតគឺ Najiba Ayubi មកពីអាហ្វហ្គានីស្ថាន និងNour Kelze មកពីស៊ីរីក៏ទទួលពានរង្វាន់ដូចគ្នាដោយសារភាពក្លាហានរបស់ពួកគេក្នុងវិស័យព័ត៌មានបើទោះជាជីវិតត្រូវប្រឈមនឹងគ្រោះថ្នាក់ និងការគំរាមកំហែងម្ដងជាពីរដងក៏ដោយ។
នាឱកាសនោះដែរ ស្ត្រីអ្នកសារព័ត៌មានមកពីប្រទេសហ្ស៊ីមបាវ៉េគឺ Edna Machirori ក៏ត្រូវបានគេបញ្ចូលឈ្មោះឈ្នះពានរង្វាន់ខាងលើដែរ ដែលនេះបានធ្វើឲ្យគាត់ក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងដែលទទួលពាន់ពីស្ថាប័នព័ត៌មានអាមេរិកខាងលើ។ ស្ត្រីស្បែកខ្មៅរូបនេះបានចំណាយពេល ៥០ ឆ្នាំបម្រើការងារក្នុងវិស័យព័ត៌មានរបស់ប្រទេសអាហ្វ្រិកមួយនេះ ខណៈប្រទេសនេះជាប់ក្នុងចំណាត់ថ្នាក់ប្រទេសគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មានក៏ដោយ។
បទសម្ភាសន៍របស់ ផនបុប្ផា៖
សមាគមប្រព័ន្ទផ្សព្វផ្សាយស្ត្រីអន្តរជាតិ(IWMF) បានរៀបចំព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ស្នាដៃអមតៈជារៀងរាល់ឆ្នាំដើម្បីផ្ដល់កិត្តិយសជូនស្ត្រីដែលមានស្នាដៃក្នុងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសផ្សេងគ្នាជុំវិញពិភពលោក៕
