ឃាត់​ខ្លួន​​ជនសង្ស័យ​ វាយ​សម្លាប់​លោក​តា​អាចារ្យ​វត្ត​ភ្នំ​ជីសូរ​ ជា​មនុស្ស.​គ


ខេត្តតាកែវ ៖ ក្រោមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ប៉ូលិសព្រហ្មទណ្ឌខេត្ត សហការជាមួយប៉ូលិសជំនាញ របស់ស្រុក ទីបំផុតជនសង្ស័យ វាយសម្លាប់លោកតាអាចារ្យ វត្តភ្នំជីសូរ ប្លន់យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៣ តុលា ២០១៣ ត្រូវប៉ូលិសឃាត់ខ្លួន រួមជាមួយវត្ថុតាងជាក់ស្តែង កាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៤ តុលា ២០១៣ នៅភូមិកញ្ចាញ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

លោកវរសេនីយ៍ត្រីមឿង សារុន អធិការនគរបាលស្រុកសំរោង បានឱ្យដឹងថា ជនសង្ស័យជាមនុស្ស.គ ឈ្មោះសួស សុក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ត្រូវសមត្ថកិច្ចដកហូតវត្ថុតាង រួមមានកូនកាំបិត១ អាវប្រឡាក់ឈាម១ ស្បែកជើង១គូ ដែលម្ខាងលេខ៩ និងម្ខាងទៀតលេខ១០ ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

គួររំលឹកថា អាចារ្យវត្តម្នាក់ត្រូវជនមិនស្គាល់ វាយសម្លាប់ប្លន់យកទ្រព្យសម្បត្តិអស់គ្មានសល់ ខណៈពេលដែលលោកតាអាចារ្យ បានមកតាំងសមាធិនៅលើភ្នំជីសូរ ។ សពលោកតាអាចារ្យ ត្រូវជនមិនស្គាល់មុខ អូសយកទៅកាយដីកប់ លើជំរេលភ្នំខាងជើង អាស្រមវត្តភ្នំជីសូរ ចម្ងាយ១៩ម៉ែត្រ រួចគេចខ្លួនបាត់ ។

ហេតុការណ៍ឃាតកម្មសម្លាប់ ប្លន់យកទ្រព្យសម្បត្តិនេះ កើតឡើងកាលពីថ្ងៃទី២៣ តុលា ចន្លោះពីម៉ោង២ ដល់ម៉ោង៤ទៀបភ្លឺ ស្ថិតនៅលើភ្នំជីសូរ ក្នុងភូមិដកពរ ឃុំរវៀង ស្រុកសំរោង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


Related

Security 670736548165012277

Post a Comment

emo-but-icon

item