ជនសង្ស័យ ២នាក់ វាយប្លន់យកម៉ូតូ ១គ្រឿង ពីយុវជនម្នាក់បានសម្រេច
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ស៊េរីទំនើប ១គ្រឿង ធ្វើសកម្មភាពវាយប្លន់ យកម៉ូតូឌ្រីម ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AT-1615 ពីយុវជនម្នាក់បានសម្រេច ហើយជិះរត់គេច ខ្លួនបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី២៣ តុលា ២០១៣ នៅចំណុចជិតលូទឹកស្អុយ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបានធ្វើដំណើរតាមផ្លូវលេខ១០៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ជិតលូទឹកស្អុយ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូមកឈប់ក្បែរ ហើយវាយបណ្តាលឲ្យបែក ក្បាលប្លន់យកម៉ូតូរួចបើកគេចខ្លួនបាត់តែម្តង។ ជនរងគ្រោះមានឈ្មោះ ឆក សុវណ្ណ អាយុ ២៣ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងណែនាំឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣៕
