រថ​យន្ត​ស៊េរី​ទំនើប​ធុន​ដ្រា​របស់​ឈ្មួញ​បើក​បុក​គោ​យន្ត​ដាច់​ជា ​២​កំណាត់​


ខេត្តកំពង់ចាម ៖ រថយន្តម៉ាកធុនដ្រា ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-6966 បានបោះពួយយ៉ាងលឿន ដូចហោះទៅបុកគោយន្តកែច្នៃ ១គ្រឿង ជិះគ្នា ២នាក់ យ៉ាងពេញទំហឹងពីខាងក្រោយនៅលើ កំណាត់ផ្លូវជាតិលេខ៧ ដែលហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៤ និង ១០នាទី រសៀលថ្ងៃទី២៣ តុលា ២០១៣ ស្ថិតនៅភូមិចំការគ ឃុំដារ ស្រុកមេមត់ បណ្តាលឲ្យគោយន្តដាច់ជា ២កំណាត់ អ្នកបើកបរគោយន្តរងរបួសធ្ងន់ធ្ងរមិនសង្ឃឹមរស់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅ ប្រទេសវៀតណាម និងអ្នករួមដំណើរម្នាក់របួសស្រាល។

តាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា នៅពេលមុនកើតហេតុ គោយន្តបានបើកចេញពីទិស ខាងលិចមកកើត តាមបណ្តោយផ្លូវជាតិលេខ៧ ជិះគ្នា ២នាក់ ស្របពេលបើកមកដល់ភូមិចំការគ ស្រាប់តែមានរថយន្តម៉ាកធុនដ្រា ត្រូវបានគេអះអាងថាជារបស់យាយក្តាម ជាឈ្មួញដ៏ល្បីល្បាញម្នាក់ និងខ្លះទៀតថា ជារបស់កូនយាយម្នាក់នេះ ត្រូវបានបុរសម្នាក់ឈ្មោះ ប៉ោង ត្រូវជាកូនចៅរបស់ឈ្មួញដុះស្លែឈ្មោះ លាភ ភេទប្រុស ទំនងជាបានចូលផឹកស៊ីនៅកន្លែងណាមួយក្នុងស្រុកមេមត់ រហូតដល់ស្រវឹងដាប បើកចេញពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ឃុំដារ ក៏បានទៅបុកគោយន្តពីក្រោយ យ៉ាងពេញទំហឹងលាន់ដូចរន្ទះតែម្តង។

អ្នកបើកគោយន្តឈ្មោះ អ៊ាង ប៊ន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ បានផ្លោងចេញពីគោយន្ត រងរបួសធ្ងន់ធ្ងររហូតសន្លប់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពដារ និងអ្នករួមដំណើរម្នាក់រងរបួសស្រាល។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តធុនដ្រាក្រោយពី បានបើកបុកគោយន្ត អ្នកបើកបរឈ្មោះ ប៉ោង បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ បានរងការខូចខាតជាដំណំ។ ហើយនៅល្ងាចថ្ងៃដដែលនេះ បុរសអ្នកបើកគោយន្តត្រូវបានក្រុមសាច់ញាតិបញ្ជូន ទៅសង្រ្គោះជាបន្ទាន់នៅប្រទេសវៀតណាម។ ចំណែកវត្ថុតាងទាំងពីរត្រូវបានស្ទូចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីដោះស្រាយតាមច្បាប់។

គេនៅមិនទាន់ដឹងថា តើមានឈ្មួញណាមួយចេញមុខមក ដោះស្រាយជាមួយនិងគ្រួសារជនរងគ្រោះនៅឡើយទេ៕

 

Related

National news 6175363831669764304

Post a Comment

emo-but-icon

item