អ្នក​លេង​តេក្វាន់​​ជម្រើស​ជាតិ​​ត្រកូល​ ស៊ន បី​នាក់​គឺ​កីឡាករ​ ស៊ន អេលីត កីឡា​ការិនី​ ស៊ន ដាវីន និង​ ស៊ន សៀវ​ម៉ី​ សុទ្ធ​​តែ​​ជា​បុគ្គល​ឆ្នើម​​ធ្លាប់​យក​​មេដាយ​​ស៊ីហ្គេម​មក​ឲ្យ​កម្ពុជា​នា​ពេល​​កន្លង​មក។ ​ទំព័រ​នេះ​យើងខ្ញុំ​សូម​​នាំ​មិត្ត​អាន​ទៅ​ជួប​​​​អ៊ុំ​ស្រី​ សួន ចន្ធី ​ដែល​ត្រូវ​ជា​ម្ដាយ​​របស់​​​​​អ្នក​​លេង​តេក្វាន់ដូ​​មាន​​ឈ្មោះ​​បោះ​សំឡេង​ទាំង​៣​នាក់​ ថា​​តើ​គាត់​​បាន​ជំរុញ​ដូច​ម្ដេច​ខ្លះ​ដល់​កូន​ៗ​​ ដែល​កំពុង​ជា​ទ័ព​ស្រួច​​សម្រាប់​​កីឡា​កម្ពុជា?

ស្ត្រី​​​វ័យ​៥៤​​​ឆ្នាំ​​ឲ្យ​ដឹង​ថា​គាត់​តែ​​ដាស់​តឿន​កូន​ៗ​គាត់​ថា​ ​កាល​ដែល​ដាក់​ខ្លួន​ជា​អ្នក​កីឡា​ហើយ​​ ត្រូវ​ប្រឹងប្រែង​​ឲ្យ​អស់​​​​សមត្ថភាព​​ដណ្ដើម​​មេដាយ​មក​ឲ្យ​ជាតិ។ អ៊ុំ​ស្រី​​ពន្យល់​ថា៖ “​​​ខ្ញុំ​គាំទ្រ​ពួក​គេ ហើយ​​ខ្ញុំ​តែង​ក្រើន​រំលឹក​​​ឲ្យ​ពួក​គេ​ព្យាយាម​ ​គឺ​ថា​​បើ​ជ្រុល​លូក​​​ពាង​​​ប្រហុក​​ហើយ ត្រូវ​លូក​​ឲ្យ​កប់​ដៃ​ កុំ​រារែក​​ចិត្ត​​។ ​ការ​ប្រកួត​នៅ​បរទេស​​គឺ​​ជា​រឿង​ធំ​ណាស់​ ព្រោះ​ជា​មុខ​មាត់​ប្រទេស​ជាតិ មុខ​មាត់​ខ្មែរ​ទាំង​មូល មិន​អាច​លេង​សើច​ទេ​​​”​។

​ប្រភព​ថា​កាល​ដំបូង​ឡើយ ​គាត់​បាន​ហាម​​ឃាត់​កូន​ស្រី​របស់​គាត់​គឺ ស៊ន ដាវីន និង​ស៊ន សៀវម៉ី មិន​ឲ្យ​ប្រឡូក​​កីឡា​ហក់​លោត​ដូច​ជា​តេក្វាន់ដូ​នេះ​ទេ លើក​លែង​តែ​ ស៊ន អេលីត ​ដែល​មិន​ជា​​​បញ្ហា​​ព្រោះ​ជា​ប្រុស។ ប៉ុន្តែ​គាត់​​​បែរជា​​​​​មិន​រារាំង​និង​ថែម​ទាំង​ជំរុញ​​ទៀត​​ នៅ​ពេល​ដែល​កូនៗ​​របស់​គាត់​​ចង់​​ចាប់​យក​​កីឡា​​នេះ ពិសេស​នៅ​ពេល​ដែល​​កូន​ៗ​របស់​គាត់​តែង​​ជោគជ័យ​​។

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន៖ ដឹង​ថា​អ្នក​លេង​តេក្វាន់​ដូ​ត្រកូល ស៊ន មាន​តួនាទី​ជា​អ្វី​ទេ?

ពីឆ្វេង ដាវីន, អេលីត និង សៀវម៉ី

ទន្ទឹម​នឹង​នេះ​​អ៊ុំ​ស្រី សួន ចន្ធី ​ថា​​​ គ្រួសារ​គាត់​​​​រំភើប​និង​​មាន​មោទនភាព​​​ណាស់​ ដែល​​កូន​​របស់​​គាត់​​ទាំង​​​៣​នាក់​​​ខាង​លើ​​​សុទ្ធ​តែ​ធ្លាប់​​យក​មេដាយ​​ពី​​កម្មវិធី​អន្តរជាតិ​​ ពិសេស​ស៊ីហ្គេម​ ​មក​ឲ្យ​កម្ពុជា។ ​គាត់​​​ឲ្យ​ដឹង​ទៀត​ថា សាច់​ញាតិ​និង​​អ្នក​ជិត​ខាង​​មិន​ត្រឹម​តែ​​មិន​ដែល​​ច្រាសឆ្អេះ​​​​​ថា​ស្រី​ទៅ​ហ្វឹកហាត់​កីឡា​មិន​សម​​​ឡើយ តែ​​ថែម​ទាំង​ស្ញប់ស្ញែង​ដែល​ពួក​​គេ​​​​តែង​​បង្កើត​ជោគជ័យ​នៅ​​អន្តរជាតិ។  ​គាត់​បន្ត​ពន្យល់៖​ “​​ការ​បាន​មេដាយ​ មិន​មែន​​សំខាន់​តែ​យើង​បាន​ប្រាក់​រង្វាន់​នោះ​​ទេ តែ​ជា​ចំណែក​​​​​ធ្វើ​ឲ្យ​​មុខ​មាត់​ខ្មែរ​លេច​ឡើង​នៅ​អន្តរជាតិ។ ​អ្នក​ក្បែរ​ខាង​សរសើរ​ពួក​គេ​ ព្រោះ​​ពួក​គេ​​ជួយ​ខ្ញុំ​ច្រើន ​ព្រោះ​​កាល​ពី​មុន​​ជីវិត​គ្រួសារ​ខ្ញុំ​​គឺ​​តស៊ូ​លំបាក​ណាស់​មុន​ធូរស្បើយ​ដូច​សព្វ​ថ្ងៃ​​”​។

យ៉ាង​ណា​ក្ដី​​ប្រភព​ថា​ គាត់​​ព្រួយ​បារម្ភ​ណាស់​ដែរ រាល់​ពេល ស៊ន ដាវីន, ស៊ន សៀវម៉ី ឬ ស៊ន អេលីត ចេញ​ទៅ​ប្រកួត​​នៅ​ក្រៅ​ស្រុក​ម្ដង​ៗ​។ ​គាត់​​​ថា​​ប្រសិន​​បើ​កូន​ៗ​គាត់​​ប្រកួត​​ចាញ់ ​មិន​បាន​មេដាយ​​គឺ​ប៉ះពាល់​ដល់​​មុខ​មាត់​ប្រទេស​ទាំង​មូល​។ ​អ៊ុំ​ស្រី​​​បន្ត​បង្ហាញ​ចំណាប់​អារម្មណ៍​​៖ “​យើង​​ទៅ​​តំណាង​ឲ្យ​ខ្មែរ​​​មួយ​ប្រទេស​ ​បើ​​យើង​ទៅ​មិន​បាន​មេដាយ​ វា​មិន​ល្អ​ដែរ ព្រោះ​​យើង​ទៅ​អន់​ៗ​ឲ្យ​តែ​គេ​ខក​ចិត្ត​”។

ស៊ន ដាវីន (ខៀវ) ការ​ប្រកួត​ជាមួយ​ម្ចាស​មេដាយ អូឡាំពិក Maria del Rosario Espinoza  ​របស់​ម៉ិកស៊ិចកូ (រូបថតពី Zimbo)

បច្ចុប្បន្ន ស៊ន ដាវីន កំពុង​​សំងំ​ហ្វឹកហាត់​​តេក្វាន់​ដូ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ខណៈ​ដែល​ប្អូន​ស្រី​នាង​គឺ​​ ស៊ន សៀវម៉ី ​បាន​ចេញ​​ដំណើរ​​ទៅ​​ហ្វឹកហ្វឺន​​ទី​នោះ​ដែរ​កាល​ពី​ថ្មី​​ៗ​នេះ​​។ រី​ឯ​ ស៊ន អេលីត ​កំពុង​​លត់​ដំ​ជា​ប្រចាំ​​ក្នុង​ស្រុក ដើម្បី​ត្រៀម​​ឆ្ពោះ​ទៅ ស៊ីហ្គេម ខែ​ធ្នូ​ខាង​មុខ ខណៈ​ដែល​ស៊ីហ្គេម​២០១១ ​​បេក្ខជន​ឆ្នើម​​ទាំង​​​​៣​រូប​នេះ​សុទ្ធ​តែ​​យក​បាន​មេដាយ​​​មក​មាតុភូមិ​បាន​ដូច​គ្នា ពោល​ ដាវីន និង សៀវ​ម៉ី  ឈ្នះ​ផ្នែក​តេក្វាន់​ដូ ហើយ​ ស៊ន អេលីត ឈ្នះ​ផ្នែក​វ៉ូវីណាម មុន​​ប្ដូរ​មក​លេង​​តេក្វាន់​ដូវិញ​​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នេះ៕

អត្ថបទ៖ ប៉ែន សុផាន់ណា​