ឃាត់ខ្លួនយុវជនម្នាក់ ជិះម៉ូតូអត់មាន ស្លាកលេខ ក្រោយពីមាន ករណីវាយ និងភ្ជង់ប្លន់ ២ករណីផ្សេងគ្នា
ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវកម្លាំង អ ហ ឃាត់ខ្លួន កាលពីវេលាម៉ោង ៩ និង ១០នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៧១ ចំណុចច្រមុះជ្រូក ក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណៈដែលយុវជនរូបនោះ ជិះម៉ូតូអត់មានស្លាកលេខ ហើយសមត្ថកិច្ចសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីប្លន់ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីមានករណីឃាត់ខ្លួន យុវជនខាងលើនេះ គឺ មុនពេលកើតហេតុជាង ២០នាទី មានករណីវាយប្លន់យកម៉ូតូ ១គ្រឿង ពីយុវជនម្នាក់ នៅក្នុងភូមិសាស្ត្រខណ្ឌចំការ មន ដូច្នេះសមត្ថកិច្ចមូលដ្ឋាននគរបាល និងអាុវធហត្ថ ខណ្ឌចំការមន បានសហការគ្នា ល្បាតក្នុងភូមិសាស្ត្ររបស់ ខ្លួន រហូត បានប្រទះឃើញយុវជនម្នាក់ជិះម៉ូតូសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ មួយគ្រឿង គ្មានស្លាកលេខ ដោយឃើញដូចនេះ សមត្ថកិច្ចក៏សម្រេច ចាប់ឃាត់ខ្លួនយុវជន ជាម្ចាស់ម៉ូតូ ហើយធ្វើការឆែកឆេរ រកឃើញ ស្លាកលេខម៉ូតូមួយ ដែលលាក់ទុក នៅខាងក្រោមកែប ដោយមានការសង្ស័យ សមត្ថកិច្ចក៏សម្រេច នាំខ្លួនយុវជនោះ យកទៅសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខណ្ឌចំការមនភ្លាមៗតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួនមកសួរនាំខាងលើមានឈ្មោះ សេង ហូរសួយ ភេទប្រុស អាយុ ២១ឆ្នាំ ជានិស្សិត នៅសាលកវិទ្យាល័យជាតិគ្រប់ គ្រង មានស្រុកកំណើត នៅភូមិក្រវិល ឃុំក្រវិល ស្រុកក្រវិល ខេត្តបាត់ដំបង។ នៅចំពោះមុខសមត្ថកិច្ច យយុវជនខាងលើ បាននិយាយពាក្យមិនសមរម្យ ហាក់បីដូចជាចង់មើលងាយសមត្ថកិច្ចថែមទៀតផង ។ ជាពិសេស ពេលសមត្ថកិច្ច សាកសួរ គឺរូបគេធ្វើព្រងើយមិនអើពើបន្តិចឡើយ រហូតធ្វើឲ្យសមត្ថកិច្ចទ្រាំមិនបានក៏ស្រែកកំរាមខ្លាំងៗ ទើបរូបគេសម្រេច ប្រាប់ពីដំណើររឿង និងអត្តសញ្ញាណរបស់គេឲ្យសមត្ថកិច្ចដឹង ។
ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់បាននៅឡើយ យុវជនខាងលើ ពាក់ព័ន្ធនឹងករណីអ្វីឲ្យច្បាស់ទេ ព្រោះកំពុងស្ថិត ក្នុងការសាកសួរសិន ប៉ុន្តែសមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនយុវជនម្នាក់នេះ ដោយសាររូបគេជិះម៉ូតូគ្មានស្លាកលេខ និងដោះយក ស្លាកទៅលាក់ ទុកនៅក្រោមកែបម៉ូតូ ។
សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២៣ ខែតុលានេះ ក្នុងភូមិសាស្រ្តខណ្ឌចំការមន មានករណីប្លន់ ២លើក ២ករណី ផ្សេងគ្នា។ ករណីទី១ មានក្រុមជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង វាយប្លន់ យកម៉ូតូ១គ្រឿង នៅសង្កាត់បឹងកេង កងទី៣ ។ ករណីទី២ មានជនសង្ស័យ ម្នាក់ ជិះម៉ូតូ១គ្រឿង ដកកាំភ្លើង ភ្ជង់ប្លន់កាបូបស្ពាយ ពីនារី ២នាក់ ខណ: ត្រឡប់មកពី ធ្វើការ មកដល់ជិះផ្ទះទៅហើយនោះ នៅតាមផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ។
