Moyes សរសើរទម្រង់លេង Kagawa ស្របពេលអ្នកគាំទ្របោះឆ្នោតជាកីឡាករល្អ
លោក David Moyes បាននិយាយសរសើរទម្រង់លេងរបស់ខ្សែបម្រើ Shinji Kagawa ដែលធ្វើបានយ៉ាងល្អក្នុងជ័យជម្នះ១-០របស់ក្រុមបិសាចក្រហម Manchester United លើ Real Sociedad ក្នុងវគ្គសន្សំពិន្ទុតាមពូលនៃពានរង្វាន់ UEFA Champions League យប់មិញ។
អត្ថបទ៖ Moyes ប្រាប់ Kagawa ឱ្យបង្កើនសមត្ថភាពបន្ថែមទៀតបើសិនចង់ជាប់ជម្រើសដំបូងទៀងទាត់
ជំនួបនៅ Old Trafford យប់មិញ ខ្សែបម្រើជម្រើសជាតិជប៉ុនវ័យ២៤ឆ្នាំ មានទម្រង់លេងយ៉ាងលេចធ្លោ ហើយមានឱកាសស៊ុតពីរបីជើងផងដែរ ប៉ុន្តែមិនបានសម្រេចដោយសារតែមានការរារាំងទាន់ពេលពីសំណាក់ខ្សែការពាររបស់ក្រុម Sociedad។ យ៉ាងណាក្ដី បន្ទាប់ពីចប់ការប្រកួត អ្នកគាំទ្ររបស់ក្រុមបិសាចក្រហមបាននាំគ្នាបោះឆ្នោតទាំងនៅលើគេហទំព័រផ្លូវការរបស់ក្លិប និងគណនី Twitter ផ្លូវការរបស់ក្លិប ជ្រើសរើសកីឡាកររបស់ទ្វីបអាស៊ីម្នាក់នេះជាកីឡាករល្អជាងគេប្រចាំការប្រកួត (Man of the Match)។
អត្ថបទ៖ គ្រូ Dortmund ប្រាប់គ្រូ Man Utd ថាឲ្យ Kagawa ខ្ញុំវិញមក
Kagawa
ជាមួយនឹងសោមនស្សដែលក្រុមឈ្នះការប្រកួតហើយឈរជើងនៅលេខ១ពូល A លោក Moyes សរសើរអតីតសមាជិកក្លិប Borussia Dortmund ថា៖ “ខ្ញុំគិតថានេះជាទម្រង់លេងល្អជាងគេបំផុតរបស់ Shinji តាំងពីខ្ញុំមកធ្វើការនៅទីនេះ។ មែនទែនទៅ គេនៅមិនទាន់រកឃើញសមត្ថភាពខ្ពស់បំផុតរបស់គេនៅឡើយទេ តែទោះយ៉ាងណា ខ្ញុំសប្បាយចិត្តណាស់ ព្រោះក្នុងការប្រកួតនេះខ្ញុំមើលឃើញចំណុចល្អមួយចំនួនដែលខ្ញុំមិនធ្លាប់ឃើញក្នុងការចូលលេងលើកមុនៗរបស់គេ”។
អតីតអ្នកចាត់ការក្រុម Everton បន្ថែមថា៖ “ការខិតខំរបស់គេពេលយើងគ្មានបាល់ ពិតជាអស្ចារ្យខ្លាំងណាស់ ទាំងចលនា ទាំងជំហរ…។ គ្រប់គ្នាបានប្រាប់ខ្ញុំអំពីសមត្ថភាពរបស់ Shinji និងអ្វីដែលគេអាចផ្ដល់ឱ្យក្រុមបាន តែយប់នេះគឺជាលើកទី១ដែលខ្ញុំបានឃើញចំណុចរបស់ Shinji ទាំងនោះផ្ទាល់ភ្នែក។ គេសហការជាមួយ Wayne (Rooney) នៅតំបន់ប្រយុទ្ធបានល្អ។ ឥរិយាបថក្នុងពេលប្រកួតនិងថាមពលរបស់គេពិតជាអស្ចារ្យមែនទែន”។
អត្ថបទ៖ អាថ៌កំបាំងរបស់ Sir Alex នៅក្រុមបិសាចក្រហមត្រូវបានគាស់កកាយក្នុងសៀវភៅស្វ័យជីវប្រវត្តិ
គួរឱ្យដឹងផងដែរថា យប់មិញនេះគឺជាការជាប់ជម្រើស១១នាក់ដំបូងលើកទី៤របស់ Kagawa ក្រោមការដឹកនាំរបស់លោក David Moyes រដូវកាលនេះ។ ហើយទម្រង់លេងយប់មិញនេះ បានធានារួចជាស្រេច កៅអី១១នាក់ដំបូងរបស់គេនៅថ្ងៃសៅរ៍ ពេលដែល Man Utd ទទួល Stoke City ក្នុងក្របខ័ណ្ឌ Barclays Premier League៕
