Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ទៀត​ហើយ ​ដើម្បី​ជួយ​ឲ្យ​ក្រុម​ស្ដេច​ស Real Madrid យក​ឈ្នះ​សេះ​បង្កង់​ Juventus ២-១ នៅ​ក្នុង​ពូល B នៃ UEFA Champions League យប់​មិញ​។ ២គ្រាប់​បន្ថែម​នេះ គឺ​ជា​ការ​បង្គ្រប់​​គ្រាប់​ទី​៧​ក្នុង​៣ប្រកួត​​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ហើយ​ក៏​ជា​ការ​រក្សា​កំណត់ត្រា​១០០% ​របស់ Real ផង​ដែរ ពោល​គឺ​ឈ្នះ​ទាំង​៣ប្រកួត។ បើ​និយាយ​ជា​រួម​គ្រប់​កម្មវិធី​ប្រកួត​វិញ នេះ​ជា​គ្រាប់​បាល់​ទី​២៨ ក្នុង​២២ប្រកួត​ចុង​ក្រោយ ​សម្រាប់ Ronaldo។

Ronaldo លើក​ដៃ​ក្រោយ​ស៊ុត​បញ្ចូល​ទី

តារាង អ្នកស៊ុត ច្រើន នៅ UCL

៧គ្រាប់​បន្ថែម​រដូវ​កាល​នេះ ក៏​បាន​ធ្វើ​ឲ្យ Ronaldo ឡើង​ឈរ​លេខ​៣​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ក្នុង​ប្រវត្តិសាស្ត្រ​​ Champions League ដែរ ពោល​គឺ​ឡើង​ដល់​៥៧គ្រាប់ វ៉ា​ Ruud van Nistelrooy ដែល​រក​បាន​៥៦គ្រាប់។ ចំណែក​អ្នក​​នៅ​កំពូល​តារាង​ នៅ​តែ​ជា​អតីត​វីរបុរស​ Real Madrid, Raul ដែល​រក​បាន​៧១គ្រាប់ តាម​ពី​ក្រោយ​ដោយ Lionel Messi របស់ Barcelona (៦៣គ្រាប់)។

​ងាក​មក​និយាយ​ពី​ការ​ប្រកួត​យប់​មិញ​នេះ​វិញ គ្រាប់​បំបែក​ពង​មាន់​បាន​កើត​ឡើង​ក្នុង​៤នា​ទី​ដំបូង ពេល Ronaldo ញាក់​ដាច់​អ្នក​ចាំ​ទី​ Gianluigi Buffon រួច​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ។ យ៉ាង​ណា​ក្ដី ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Fernando Llorente បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ​នៅ​នាទី​២២។ CR7 បាន​ជួយ​ឲ្យ​ក្រុម​លោក Carlo Ancelotti នាំ​មុខ​ជា​ថ្មី ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ផង​ដែរ តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ នៅ​៧នាទី​បន្ទាប់។

Ronaldo អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​២

នៅ​៣នាទី​ដើម​តង់​ទី​២ Juventus បាន​បាត់បង់​សមាជិក​ម្នាក់ ក្រោយ​ពី​ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​អ៊ីតាលី Chiellini ទទួល​កាត​ក្រហម។ យ៉ាង​ណា​ក្ដី Real មិន​អាច​បន្ថែម​គ្រាប់​បាល់​បាន​នោះ​ទេ​ក្នុង​រយៈ​ពេល​ដែល​នៅ​សល់។ នៅ​ក្នុង​ការ​ប្រកួត​នេះ កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គែ​ក្នុង​លោក Gareth Bale បាន​ប្ដូរ​ចូល​លេង​២៣នាទី​ចុង​ក្រោយ ជំនួស​ខ្សៃ​ប្រយុទ្ធ​បារាំង Benzema។

តារាង​ពិន្ទុ​ពូល B

មួយ​គូ​ទៀត​ក្នុង​ពូល​ B ដដែល​នេះ គឺ​ក្រុម​យក្ស​ទួរគី Galatasaray បាន​ឡើង​មក​ឈរ​លេខ​២​លើ Juventus ក្រោយ​បំបាក់ Copenhagen ៣-១។ Felipe Melo, Wesley Sneijder និង Didier Drogba ស៊ុត​ម្នាក់​ឲ្យ​គ្រាប់​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ ខណៈ Claudemir សង​មួយ​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​​នៅ​ចុង​ម៉ោង។

លទ្ធផល​៦គូ​ផ្សេង​ទៀត៖

ពូល A

Bayer Leverkusen បាន​ផ្លោះ​លើ Shakhtar Donetsk មក​ឈរ​លេខ​២​ក្នុង​ពូល ក្រោយ​ឈ្នះ​ក្រុម​មក​ពី​អ៊ុយក្រែន​ ៤-០។ Stefan Kiessling ស៊ុត​ចូល​២គ្រាប់​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​មក​ពី​អាល្លឺម៉ង់ រី​ឯ​ Simon Rolfes និង Sidney Sam ក៏​បំប៉ោង​សំណាញ់​ទី​ម្នាក់​១គ្រាប់​ដែរ។

ចំណែក​បិសាច​ក្រហម Manchester United វិញ នៅ​តែ​ឈរ​កំពូល​តារាង​ដដែល ក្រោយ​យក​ឈ្នះ​ក្រុម​អេស្ប៉ាញ Real Sociedad ១-០។ ១គ្រាប់​ដែល​ធ្វើ​ឲ្យ Sociedad នៅ​តែ​គ្មាន​ពិន្ទុ​រាប់​នឹង​គេ​នោះ គឺ​កើត​ឡើង​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ Inigo Martinez នៅ​២នាទី​ដើម​តង់​ទី​១។

ពូល C

Zlatan Ibrahimovic ស៊ុត​បាន​៤គ្រាប់​ម្នាក់​ឯង​ ជួយ​ឲ្យ Paris Saint Germain បំបាក់ Anderlecht ៥-០ ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​៣ប្រកួត​ជាប់​គ្នា។ ១គ្រាប់​ទៀត​របស់​ក្រុម​បារាំង​នេះ គឺ​ធ្វើ​បាន​ Edinson Cavani។

ចំណែក Olympiakos នៅ​តែ​ឈរ​លេខ​២​ដដែល ក្រោយ​យក​ស្មើ Benfica ១-១។ Alejandro Dominguez ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​​មក​ពី​ក្រិក​នាំ​មុខ​មុន តែ​ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់​បាន​តាម​ស្មើ​វិញ​ដោយ​​កីឡាករ Oscar Cardozo នៅ​៧នាទី​ចុង​ក្រោយ។

Group D

Bayern Munich ក៏​រក្សា​កំណត់ត្រា​១០០%​ផង​ដែរ ក្រោយ​លត់​ក្រុម​គ្មាន​ពិន្ទុ Viktoria Plzen ៥-០។ Franck Ribery រក​បាន​២គ្រាប់ រី​ឯ David Alaba, Bastian Schweinsteiger និង Mario Gotze។

ចំណែក​ក្រុម​លេខ​២​ Manchester City បាន​ឡើង​លើ CSKA Moscow ៣ពិន្ទុ​ ក្រោយ​ឈ្នះ​ក្រុម​មក​ពី​រុស្សី​មួយ​នេះ ២-១។ ២គ្រាប់​របស់​ក្រុម​មក​ពី​អង់គ្លេស ធ្វើ​បាន​ដោយ Sergio Aguero ខណៈ Zoran Tosic រក​១គ្រាប់​ឲ្យ CSKA។

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​ Real Madrid និង Juventus

វីដេអូ​​បង្ហាញ​ពី​ការ​ស៊ុត​បញ្ចូល​ទី​៤គ្រាប់​ដ៏​អស្ចារ្យ​របស់ Zlatan Ibrahimovic (PSG vs Anderlecht)៖