ម៉ៃ តុលា៖ ក្លិបសឹង្ហបុរី Abilrex Niigata កំពុងស្និទ្ធជាមួយវេស្ទើន
ជិតផុតខែ តុលា ២០១៣ ទៅហើយ តែនៅស្ងាត់ដំណឹងឈឹងពីក្លិបបាល់ទាត់របស់សឹង្ហបុរី Abilrex Niigata ដែលមានបំណងចង់ក្លាយធ្វើជាកូនទី១១ ក្នុងលីកបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០១៤ ខាងមុខ។ តើព័ត៌មានទាក់ទងនឹងក្រុមបរទេសមួយនេះដល់ណាហើយ?
ទាក់ទិននឹងបញ្ហានេះលោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបថា ក្លិបដែលមានមូលដ្ឋានមកពីលីកសឹង្ហបុរី (S-League) ខាងលើ ធ្វើការពិភាក្សាស្អិតល្មួតជាមួយក្រុមដែលមានឈ្មោះក្នុងក្របខណ្ឌ ក១ របស់កម្ពុជា គឺ ក្រុមសាកលវិទ្យាល័យវេស្ទើន យូនីហ្វេស៊ី (Western Uni FC)។
ក្រុម Western នាពេលកន្លងមក
យោងតាម Page Facebook ផ្លូវការរបស់ក្រុមវេស្ទើន បានផ្សាយកាលពីថ្ងៃទី ២៣ តុលា ២០១៣ ម្សិលមិញថា ក្រុមដែលធ្លាក់ចេញពី MCL 2012 កន្លងទៅនេះនឹងផ្លាស់ប្ដូរឈ្មោះទៅជាក្រុមថ្មីមួយទៀត ដោយមានការសហការគ្នាជាមួយក្លិបមួយមកពីបរទេស តែមិនទាន់ប្រាប់ថាឈ្មោះអ្វីនោះទេ ត្រូវរង់ចាំរហូតដល់មានការចុះកិច្ចសន្យា រវាងក្លិបទាំង ២ សិន។
អត្ថបទពាក់ព័ន្ធ៖ ល្បីថាក្លិបបាល់ទាត់ជប៉ុនមកលេងក្នុងលីកកំពូលខ្មែរ ដំណើរការដល់ណាហើយ?
កន្លងមកលោក ឡាយ សុធា អ្នកចាត់ការក្រុមវេស្ទើន ធ្លាប់និយាយថាមានក្រុមមកពីក្រៅប្រទេសមួយបាន ទាក់ទងពិភាក្សាជាមួយក្រុមលោកមែន ដើម្បីសហការគ្នា តែត្រូវរង់ចាំថ្នាក់លើ និង ថ្នាក់លើពិភាក្សាគ្នាសិន ព្រោះមានលក្ខខណ្ឌមួយចំនួនត្រូវចរចា។ ចំពោះចំណាប់អារម្មណ៍លោកផ្ទាល់ អ្វីក៏ដោយ ឱ្យតែមានផលចំណេញដល់កីឡាបាល់ទាត់ជាតិ លោកនឹងធ្វើភ្លាម។
ក្រុម Abilrex Niigata នៅសឹង្ហបុរី លើកពាន League Cup របស់សឹង្ហបុរីឆ្នាំ ២០១១
យោងតាមលោក ម៉ៃ តុលា មូលហេតុដែលសហព័ន្ធសម្រេចអនុញ្ញាតឱ្យក្លិប Abilrex Niigata ចូលលេងនៅក្នុង C-League ក៏ព្រោះតែ យល់ឃើញថា មានផលចំណេញដល់កម្ពុជាជាច្រើនដូចជា សក្ដានុពលសេដ្ឋកិច្ច ជួយបង្កើនគុណភាពលីក និង មុខមាត់ជាតិជាដើម។
អត្ថបទពាក់ព័ន្ធ៖ ជួបលោក ម៉ៃ តុលា លើការវែកមុខមាត់ថ្មីលីកបាល់ទាត់កម្ពុជា
លោកអគ្គលេខាធិការរងខាងលើបន្ថែមថា សហព័ន្ធបានសម្រេចអនុញ្ញាតឱ្យក្រុមបរទេសមួយនេះ មកបោះមូលដ្ឋាននៅកម្ពុជា ហើយ ប៉ុន្តែក្លិបមួយនេះត្រូវរួសរាន់ ដើម្បីរៀបចំខ្លួនឱ្យទាន់រដូវកាលថ្មី ២០១៤ ខាងមុខ ព្រោះលីកកម្ពុជានឹងចាប់ផ្ដើមនៅខែ មករា ដើមឆ្នាំក្រោយ។ ករណីក្លិបមួយនេះមិនទាន់រៀបចំខ្លួនបានរួចរាល់ សហព័ន្ធទុកឱកាសឱ្យចូលរួមនៅរដូវកាល ២០១៥៕
ព័ត៌មានបន្ថែមពីការរួបរួមគ្នារវាងក្រុមទាំង ២យើងខ្ញុំនឹងជម្រាបជូនជាបន្តបន្ទាប់។
