ក្តឹបចោរ១ក្រុម លួចសម្ភារៈ ជនបរទេស នៅឆ្នេរអូរឈើទាល ត្រូវសមត្ថកិច្ច បង្រ្កាប
ព្រះសីហនុ ៖ ក្តឹបចោរ១ក្រុម ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួន បានចំនួន ៣នាក់ បន្ទាប់ពីបានលួចសម្ភារៈជនបរទេស នៅឆ្នេរសមុទ្រ អូរឈើទាល ក្រោយពីបានធ្វើសកម្មភាព បាន ប្រហែល២ម៉ោង ។
លោកវរសេនីយ៍ត្រី ភុល ភស្តា អធិការ នគរបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា កាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣និង០០នាទីទៀបភ្លឺ នៅចំណុចឆ្នេរសមុទ្រអូរឈើទាល ស្ថិត នៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។
មានករណីលួចសម្ភារៈ ជនបរទេសមួយកើតឡើង ក្នុងនោះជនរងគ្រោះ មានចំនួន៣នាក់ ១-ឈ្មោះ AGATA MALGOZATA ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង ជនជនប៉ូឡូញ កាន់លិខិតឆ្លងដែនលេខ AS2224217. ២-ឈ្មោះ BORKIEWCZ ELZBIETA ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខ EC8022617. ៣-ឈ្មោះ RALOWSKA AGNIESZKA ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខ AK5831724 ចំពោះជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ តាំង ភា ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ២-ឈ្មោះ វង្ស សុភ័ក្រ (ចយ) ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្រុមទី១៧ ភូមិ៤សង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ ៣-ឈ្មោះ ញ៉ឹង ប៊ុនថាំ (ពែក) ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានទី លំនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។ បានធ្វើសកម្មភាព លួចសម្ភារៈជនបរទេស រួមមាន ៖ កាម៉េរ៉ា ២គ្រឿង ប្រាក់ដុល្លារអាមេរិក ៩៥០ដុល្លា ប្រាក់អ៊ឺរ៉ូ៤០០ លិខិតឆ្លងដែន២ច្បាប់ ទូរស័ព្ទ ដៃ២គ្រឿង ។
លោកអធិការ ក៏បានបញ្ជាក់ផងដែរថា ក្រោយធ្វើសកម្មភាពលួចប្រមាណជា២ម៉ោង កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ឈ្មោះ តាំង ភា រួចនាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បី សួរចម្លើយ ។
បន្ទាប់ពីសួរចម្លើយ ដឹងពីអ្នកដែលពាក់ព័ន្ធភ្លាម លោកអធិការបានដឹកនាំកម្លាំង ដោយផ្ទាល់ ចុះទៅឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់ បន្ថែមទៀត ភ្លាមៗផងដែរ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃដដែល ព្រមទាំងបានដកហូតវត្ថុតាងរួមមាន លិខិតឆ្លងដែន ២ច្បាប់ ទូរស័ព្ទដៃ១គ្រឿង ប្រាក់អ៊ឺរ៉ូចំនួន៤០ និង ប្រាក់ដុល្លារចំនួន២៤០ ផងដែរ ។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងបំពេញនីតិវិធីបញ្ជូនជនសង្ស័យឈ្មោះ វង្ស សុភ័ក្រ្ត និងឈ្មោះ ញ៉ឹង ប៊ុនថា ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីបញ្ជូនបន្ត ទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ដោយឡែកឈ្មោះ តាំង ភា ត្រូវបាន អង្គ ការមណ្ឌលម្លប់តាប៉ាង ធ្វើការធានាយកទៅអប់រំវិញ ៕
