ក្លិបនៅ Premier League ប្ដូរអ្នកចាត់ការអស់២នាក់ហើយក្នុងរដូវកាលនេះ
លោក Ian Holloway បានសម្រេចចិត្តលាលែងពីតំណែងជាអ្នកចាត់ការក្រុម Crystal Palace ហើយ បន្ទាប់ពីក្រុមសមាជិកថ្មីនៃក្របខ័ណ្ឌ Barclays Premier League មួយនេះចេញដំណើររដូវកាល២០១៣-១៤មិនបានល្អ ហើយកំពុងឈរលេខរៀងទី២រាប់ពីបាតតារាង។
អត្ថបទ៖ Man City ចូលខ្លួនប្រជែងជាមួយ Barca យកក្មេងអាយុ១៤ឆ្នាំពី Malaga (វីដេអូ)
ការចាកចេញរបស់លោក Holloway កើតឡើងបន្ទាប់ពីមានការព្រមព្រៀងគ្នាទាំងសងខាងជាមួយក្លិប។ គិតត្រឹមពេលនេះ អ្នកចាត់ការសញ្ជាតិអង់គ្លេសវ័យ៥០រូបនេះក្លាយជាជនទី២ដែលបាត់បង់តំណែងនៅក្នុងលីកកំពូលអង់គ្លេសរដូវកាល២០១៣-១៤ បន្ទាប់ពីលោក Paolo Di Canio ត្រូវក្លិប Sunderland បណ្ដេញចេញពីតំណែងកាលពីថ្ងៃទី២២ ខែកញ្ញា ដោយសារដឹកនាំក្រុមមិនដែលឈ្នះសោះ។
ក្រុមដែលទើបឡើងមកពីក្របខ័ណ្ឌ Championship តាមរយៈការលេង Play-off ខាងលើ ទើបតែរកបាន៣ពិន្ទុប៉ុណ្ណោះពីការប្រកួត៨លើកកន្លងមក ពោលគឺឈ្នះ១ប្រកួត ចាញ់៧ប្រកួត ឈរលេខរៀងទី១៩។ ជាពិសេស បន្ទាប់ពីបរាជ័យក្រោមថ្វីជើង Fulham ១-៤ ក្នុងដីខ្លួនឯងកាលពីថ្ងៃចន្ទ អ្នកចាត់ការដែលផ្លាស់ចេញពី Blackpool មកដឹកនាំ Crystal កាលពីខែវិច្ឆិកាឆ្នាំ២០១២ បានសម្រេចចិត្តដកខ្លួនចេញដើម្បីទុកឱ្យអ្នកថ្មីមកស្រោចស្រង់ក្លិបជំនួសក្រែងមានប្រសិទ្ធភាពជាង។
លោក Steve Parish សហប្រធានក្លិប Crystal ឱ្យដឹងថា៖ “Ian យល់ថាយុទ្ធសាស្ត្រថ្មីប្រហែលជាអាចរក្សាពួកយើងឱ្យនៅលេងក្នុងលីកកំពូលបានទៀតនារដូវកាលក្រោយ។ ការពិតគឺថានេះជាការប្រកួតប្រជែងដ៏ថ្មីសន្លាងសម្រាប់ Ian និងសម្រាប់ក្លិបផ្ទាល់។ Ian ជាមនុស្សដ៏ស្មោះត្រង់គួរឱ្យគោរពណាស់។ គាត់បានមកជួបខ្ញុំផ្ទាល់ហើយប្រាប់ខ្ញុំត្រង់ៗថាគាត់មិនអាចជួយក្លិបបានទេ។ ខ្ញុំបានចំណាយពេល៣ថ្ងៃដើម្បីលើកទឹកចិត្តគាត់ថាគាត់អាចធ្វើបាន ប៉ុន្តែគាត់នៅតែចាកចេញ”។
ជាមួយគ្នានេះ លោក Holloway និយាយដែរថាលោកមានមោទនភាពចំពោះកិច្ចការដែលលោកបានធ្វើជាមួយក្លិបកន្លងមក។ អតីតអ្នកចាត់ការក្លិប Bristol Rovers, Queens Park Rangers, Plymouth Argyle, Leicester City និង Blackpool បន្ថែមថា៖ “ខ្ញុំសារភាពថាខ្ញុំបានបង្កើតកំហុស នោះគឺនាំចូលកីឡាករថ្មីច្រើននាក់ពេក (១៦នាក់) ដែលបណ្ដាលឱ្យក្រុមយើងបាត់បង់ស្មារតីក្រុមដែលយើងមានក្នុងរដូវកាលមុន។ ក្រុមរបស់យើងបានផ្លាស់ប្ដូរយ៉ាងច្រើនលើសលប់ក្នុងរយៈពេលដ៏ខ្លី។ និយាយដោយស្មោះត្រង់ទៅចុះ ខ្ញុំមានអារម្មណ៍ថានឿយហត់ខ្លាំងណាស់”។
លោក Keith Millen ដែលជាជំនួយការ នឹងទទួលបន្ទុកដឹកនាំក្រុមបណ្ដោះអាសន្នពេលជួប Arsenal នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ខណៈថ្នាក់គ្រប់គ្រងក្លិបនៅមិនទាន់រកអ្នកស្នងតំណែងជាអចិន្ត្រៃយ៍បាននៅឡើយ៕
អត្ថបទ៖ មើលខ្សែប្រយុទ្ធប្រេស៊ីលម្នាក់នេះអូសបាល់ទៅស៊ុតរួច គួរឱ្យសរសើរមែន!
