អ្នកលេងគុនខ្មែរចាន់ រតនាខ្លាំងលើសង្វៀនតែចាញ់ស្នេហ៍ម៉ាក សែនសូនីតា
អ្នកលេងគុនខ្មែរ ចាន់ រតនាអង់អាចក្លាហានបានតែលើសង្វៀនប្រដាល់ ប៉ុន្តែចាញ់រិទ្ធិអំណាចស្នេហាពេលប៉ះជាមួយតារាសម្ដែងស្រីល្បីឈ្មោះនាងម៉ាក់ សែនសូនីតានៅសង្វៀនភាពយន្ត។
សូមចុចអាន៖ ថ្ងៃទី១សន្លប់៣គូនៅស្ទឹងត្រង់ ខណៈថ្ងៃនេះ ជ័យ កុសល ប៉ះ ចាន់រតនា
អ្នកជំនាញក្បាច់គុនល្បុក្កតោ ចាន់ រតនា បានឲ្យដឹងថា លោកធ្លាប់តែឡើងសង្វៀនប្រដាល់ដោយគ្មានខ្លាចញញើតអ្វីសោះ ទោះបីជាដឹងថាគូប្រកួតរបស់ខ្លួនខ្លាំងយ៉ាងណាក៏ដោយ។ ប៉ុន្តែនៅសង្វៀនសិល្បៈវិញលោកបែរជាចាញ់ច្រាបដៃគូសម្ដែងពេលប៉ះជាមួយតួស្រីល្បីឈ្មោះ។
អ្នកលេងក្បាច់គុនល្បុក្កតោ និងប្រដាល់ខ្មែរបុរាណ ចាន់ រតនា បានប្រាប់ថា លោកបានសម្ដែងជាតួឯកក្នុងរឿង«ផ្នូរខ្មោចរន្ទះបាញ់»ដែលមានកញ្ញា ម៉ាក សែនសូនីតាជាតួឯកស្រី។ នៅក្នុងខ្សែភាពយន្តនេះតម្រូវឲ្យលោកមានស្នេហាជាមួយតួឯកស្រីដែលចំណុចនេះហើយធ្វើឲ្យលោកមានអារម្មណ៍ពិបាកក្នុងការសម្ដែងជាងការឡើងវ៉ៃលើសង្វៀន ដោយសារតែលោកជាអ្នកសម្តែងថ្មី រីតួស្រីជាតារាស្រីមានបទពិសោធន៍យូរឆ្នាំ។
សូមចុចអាន៖ ទិដ្ឋភាពដ៏ជក់ចិត្តនៃការប្រកួតប្រដាល់យប់មិញ មិនបានមើលនឹងស្ដាយ
លោកថា ៖«ពេលខ្ញុំឡើងវ៉ៃនៅសង្វៀន អត់មានខ្លាចអីទេ តែពេលមានឈុតឆាកស្នេហាជាមួយម៉ាក សែនសួនីតា ខ្ញុំទប់ខ្លួនស្ទើរមិនហ្នឹង ភ័យញ័រ ហើយធ្វើអីលែងកើត។ តែដៃគូរបស់ខ្ញុំអត់មានភ័យគេសម្តែងយ៉ាងស្រួល»។
ជាមួយគ្នានេះ ចាន់ រតនាចង់ក្លាយជាតារាភាពយន្តមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីលើឆាកអន្តរជាតិដូចតារាភាពយន្តវាយតប់អន្តរជាតិមួយចំនួន បន្ទាប់ពីបានសម្ដែងជាតួឯកបានមួយរឿងក្នុងខ្សែភាពយន្តខ្នាតធំ។ លោកបាននិយាយថា ៖«បន្ទាប់ពីបានសម្ដែងជាច្រើនរឿងមក ខ្ញុំចង់ចូលប្រឡូកក្នុងពិភពសិល្បៈឲ្យបានច្រើន និងចង់មានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីដូចតារាវាយតប់អន្តរជាតិមួយចំនួន ដូចជាតារាភាពយន្តចិន កុំកុំ ឈិន ឡុង លី ស៊ាវឡុង និងលី លានជាជាដើមសុទ្ធតែតួល្បីខាងវាយតប់»។
សូមចុចអាន៖ កែវ រំចង់ ឈ្នះពិន្ទុខណៈ ផល សភ័ណ្ឌ ផ្ដួលចិនទឹកទី៣
ទោះបីជាយ៉ាងណាអ្នកលេងគុនខ្មែរដែលបោះជំហានចូលសិល្បៈនេះបានលើកឡើងថា ស្រុកខ្មែរនៅមានខ្វះបច្ចេកទេសថត កាត់ត និងចាប់ប្លង់ថតឈុតឆាកប្រយុទ្ធច្រើន បើប្រៀបធៀបនឹងប្រទេសគេ ដូច្នេះចំណុចនេះក៏ជាហេតុផលមួយធ្វើឲ្យក្បាច់គុនសិល្បៈខ្មែរមិនសូវល្បីដែរ។
ប្រឡូកក្នុងខ្សែភាពយន្តជាច្រើនរឿងមកហើយតាមការសម្ដែងឈុតឆាកវាយតប់ពាក់ព័ន្ធនឹងក្បាច់គុនបុរាណខ្មែរ និងល្បុក្កតោ ប៉ុន្តែទស្សនិកជនពុំសូវស្គាល់រូបលោកច្បាស់ឡើយ។ បន្ទាប់មកលោកបានសម្ដែងជាតួឯកមួយរឿងគឺ«ផ្នូរខ្មោចរន្ទះបាញ់»។
កាលពីប៉ុន្មានសប្តាហ៍មុននេះអ្នកលេងក្បាច់គុនល្បក្កតោម្នាក់នេះបានលេខមុខភ្ញៀវកិត្តិយសនៅស្ថានីយទូរទស្សន៍បាយ័នក្នុងកម្មវិធី«សមាគមជុំមិត្ត»ដោយបានទាំងបកស្រាយបទចម្រៀងទៀតផង។
ចាន់ រតនាជាកីឡាករប្រដាល់ល្បីឈ្មោះនៅសង្វៀនបាយ័នតាមរយៈក្បាច់ប្រយុទ្ធពិសេសៗដ៏សំបូរបែប។ បន្ទាប់មកលោកក៏បានប្រឡូកក្នុងខ្សែភាពយន្តជាច្រើនរឿងដែលពាក់ព័ន្ធនឹងឈុតឆាកប្រយុទ្ធរហូតដល់បានសម្ដែងជាតួឯកក្នុងរឿង«ផ្នូរខ្មោចរន្ទះបាញ់»ដែលបញ្ចាំងនៅរោងភាពយន្តCineplex Platinum កាលពីឆ្នាំ២០១២ និងបានយកទៅបញ្ចាំងនៅក្រៅប្រទេស។ ជាមួយគ្នាតារាកីឡាកររូបនេះក៏ជាចុងភៅមួយរូបនៅភោជនីយដ្ឋានបារាំងមួយនៅរាជធានីភ្នំពេញ៕
