ការ​ប្រកួត​​បាល់​ទាត់​​​ហ្វូតសាល​ថ្នាក់​ជាតិ​​​ដែល​បាន​​​ខកខាន​រៀប​ចំ​​២​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ​នឹង​វិល​​​មក​វិញ​​ដែល​ការ​ប្រកួត​​​នឹង​​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​​២៨​តុលា​ដល់​​ថ្ងៃ​​ទី​២​​វិច្ឆិកា​២០១៣​នៅ សាល​កីឡា​ Beeline Arena ក្រោម​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ស្រាបៀ​​ Tiger​ គឺ​​ការ​ប្រកួត​​ Tiger National Futsal Championship 2013។

ក្រុម​​យុវជន​​​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​​​សរុប ៣២​ក្រុមនឹង​ត្រូវ​បែង​ចែក​ជា​៨​​​ពូល​ដើម្បី​លេង​វិលជុំ​តាម​ពូល​។ ក្រោយ​​ចប់​វិល​ជុំ​ ក្រុម​​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​​គេ​​បង្អស់​តាម​ពូល​នីមួយ​ៗ​​នឹង​​ឡើង​ទៅ​ចាប់​​ឆ្នោត​ជ្រើស​រើស​គូ​​​លេង​ Playoff។

លោក ម៉ៃ តុលា អគ្គ​លេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​ថា​ ​បាល់​ទាត់​ហ្វូតសាល​ មាន​ប្រជាប្រិយភាព​ខ្លាំង​​ទាំង​នៅ កម្ពុជា តំបន់​អាស៊ាន រួម​នឹង​ទូទាំង​ពិភពលោក​ផង​ដែរ។ ​​លោក​ថា​​​នៅ​រាជ​​ធានី​ភ្នំពេញ​​និង​បណ្ដា​ខេត្ត​បច្ចុប្បន្ន​នេះ​ ​មាន​ទីលាន​បាល់​ទាត់​ហ្វូតសាល​តូច​ៗ​រីក​ស្គុះស្គាយ​និង​​ទទួល​បាន​ការ​ពេញ​និយម​លេង​​កាន់​តែ​ច្រើន​ឡើង​ៗ​។ ​លោក​អគ្គលេខាធិការ​រង​បន្ថែម៖ “​​យើង​ឃើញ​​​​ថា​យុវជន​​ពេញ​និយម​លេង​ណាស់ តែ​ដោយសារ​​បញ្ហា​ហិរញ្ញវត្ថុ​ទើប​យើង​អាក់​ខាន​មិន​បាន​រៀប​ចំ​​​​កន្លង​មក​នេះ​​។ ​មក​ដល់​​​ពេល​នេះ​​​ទើប​ក្រុម​ហ៊ុន​​ស្រាបៀ​ Tiger ​និង​ដៃគូ​​​សហការ​​​បាន​គាំទ្រ​​ការ​​ប្រកួត​​​នេះ​ឲ្យ​លេច​ខ្លួន​មក​វិញ ហើយ​ខ្ញុំ​​ជួស​មុខ​ឲ្យ​ឯកឧត្ដម​ សៅ សុខា ប្រធាន​សហព័ន្ធ​សូម​អគុណ​ដល់​ការ​គាំទ្រ​នេះ​​”​។

ដោយ​ឡែក​​លោក Roland Bala ​​ប្រធាន​​គ្រប់គ្រង​ទូទៅ​ក្រុម​ហ៊ុន​​ស្រាបៀ Tiger ​​​បាន​រំលឹក​ថា​​កាល​ដើម​​​ឆ្នាំ ក្រុមហ៊ុន​មួយ​នេះ ​បាន​នាំ​ការ​​ប្រកួត​​ហ្វូត​សាល​ដ៏​រំភើប​មួយ​​ Tiger Street Football និង​ទទួល​បាន​​ការ​ស្វាគមន៍​ពេញ​ទំហឹង​ពី​យុវជន​កម្ពុជា​​។  ភាព​ជោគជ័យ​​​នៃ​រៀប​ចំ Tiger Street Football ​​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ដដែល​​​​​ចូល​​ខ្លួន​​​មក​​គាំទ្រ​ការ​ប្រកួត​ដែល​នឹង​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ។ “​ បាល់​ទាត់​ហ្វូតសាល ​មាន​ការ​រីក​ចម្រើន​​និង​ជា​ទី​ពេញ​និយម​ក្នុង​ស្រទាប់​​យុវជន​កម្ពុជា​ហើយ​ក្រុម​ហ៊ុន​ស្រាបៀ​ Tiger មាន​មោទនភាព​​ចំពោះ​ការ​សហការ​អភិវឌ្ឍ​​វិស័យ បាល់​ទាត់​​​ហ្វូតសាល​នៅ​​កម្ពុជា”​។ ​លោក Roland ​​​បន្ថែម​ពំនោល។​
ពាក់ព័ន្ធ​នឹង​​ប្រាក់​រង្វាន់​ក្រុម​ជើង​​ឯក​នឹង​ទទួល​បាន​ ២៥០០​​ដុល្លារ​អាមេរិក ក្រុម​ជើង​ឯក​រង​បាន​ ១០០០​ដុល្លារ​ និង​ក្រុម​លេខ​៣​ទទួល​ ៥០០​​ដុល្លារ​អាមេរិក។


លោក Roland Bala (អាវ​ស) ជាមួយ​លោក ម៉ៃ តុលា ក្នុង​សន្និសីទ ប្រកាស​ការ​ប្រកួត​ព្រឹក​មិញ​

​ការ​ជម្រុះ​តាម​ពូល​ទាំង​​៨​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៨​តុលា​ដល់​ថ្ងៃ​ទី​​២៨​តុលា​តទៅ​ ដោយ​ចាប់​ផ្ដើម​ពី​​ម៉ោង​​​ ​១៣:០០​ដល់​ម៉ោង​១៧:០០ ហើយ​ការ​ចូល​រួម​ទស្សនា​គឺ​សេរី​នៅ Beeline Arena ​ខាង​កើត​ស្ពាន​ជ្រោយចង្វា​​​។ ដោយ​ឡែក​​នៅ​​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ​និង​ផ្ដាច់​ព្រ័ត្រ​​នៅ​ថ្ងៃ​ទី​២​វិច្ឆិកា​នឹង​​មាន​ផ្សាយ​ផ្ទាល់​តាម​​ទូរទ្សន៍ MyTv ផង​ដែរ៕