ស្រ្តីសម្រាល កូននៅមន្ទីរ ពេទ្យបង្អែក មានជ័យ ដែលត្រូវ គេលួចយកកូន ឥឡូវសមត្ថកិច្ច រកឃើញវិញហើយ


ភ្នំពេញ : ក្រោយពីធ្វើការ ស្រាវជ្រាវ និងតាមដាន យ៉ាងយកចិត្តទុកដាក់ ទីបំផុត ស្រ្តីដែលទើបសម្រាលកូន នៅមន្ទីរពេទ្យ បង្អែកមានជ័យ ហើយត្រូវគេលួចយកនោះ ឥឡូវកម្លាំងនគរបាលប៉ុស្តិ៍ ច្បារអំពៅទី១ ខណ្ឌ មានជ័យ បានរកឃើញទារក វិញហើយជូនស្រ្តី ដែលកំពុងយំសោក បោកខ្លួនទាំងយប់ទាំងថ្ងៃ កាល ពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ខណ:ដែលស្រ្តីម្នាក់ លួចកូនទៅលាក់ទុក នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅទី១ បានថ្លែងឲ្យដឹងថា ទារកដែលត្រូវគេលួចយក បន្ទាប់ពីប្រសូត្រ ចេញពីផ្ទៃម្តាយនោះ ត្រូវបានរកឃើញវិញហើយ នៅល្ងាចថ្ងៃ ទី២៣ ខែតុលានេះ ប៉ុន្តែសុខភាពរបស់ទារក មិនសូវ ជាល្អប៉ុន្មាននោះទេ ដោយសារតែ ពុំមានការចិញ្ចឹមបីបាច់ និងថែទាំបានដិតដល់ ដូចម្តាយ បង្កើត របស់ខ្លួន ។

លោកចៅសង្កាត់ពៅ ហួត បានបន្តទៀតថា ក្នុងនោះដែរ ស្រ្តីជនសង្ស័យ ដែលធ្វើសកម្មភាពលួចយកទារក ក៏ត្រូវបានឃាត់ខ្លួន ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។

តាមលោកចៅសង្កាត់ ស្រ្តីជាម្តាយ និងទារក ដែលទើបរកឃើញវិញនេះ នឹងត្រូវបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែក មានជ័យវិញ ដោយសារតែទាំងម្តាយ និងទារក ពុំសូវមានសុខភាពល្អ ។

នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ លោក ហ៊ុន សុផល ដែលដឹកនាំកម្លាំងចុះស្រាវជ្រាវលើករណី បាន និយាយថា ស្រ្តីជនសង្ស័យ ឈ្មោះ សុខចាន់ធី អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ទីដែលយកទារក ទៅលាក់ទុកនៅទីនោះ ទំនងចង់ចិញ្ចឹមធ្វើជាកូន ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ដែល ទើបសម្រាលបានកូនប្រុសមួយ ហើយត្រូវស្រ្តីម្នាក់ផ្សេងទៀត បន្លំលួចយកទៅ បាត់ កាលវេលារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យបង្អែកមានជ័យ ស្ថិតនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមស្រ្តីជាម្តាយ នៃទារក ដែលបានគេបន្លំ លួចយក ទៅបាត់នោះ បាននិយាយ រៀបរាប់ទាំងទឹកភ្នែក សស្រាក់ថា នៅម៉ោង ប្រហែល ២រសៀល ថ្ងៃទី២១ ខែតុលានេះ មានស្រ្តីម្នាក់ បានមកសួរនាំខ្លួនពីរឿងកូន ហើយក៏បានធានា នាំយក កូនរបស់ខ្លួន ទៅងូតទឹក ឲ្យពេលនោះម្តាយក៏បានប្រគល់កូន ខ្លួនឲ្យទៅស្រ្តីរូបនោះ យកទៅងូតទឹក និងដោយអស់កម្លាំង ក្រោយពីសម្រាលកូន កាលពី ព្រឹកផងនោះ ខ្លួនដែលជាម្តាយក៏លង់លក់ មួយសន្ទុះ ពេលក្រោកឡើងវិញ មិនឃើញ ស្រ្តីនោះ យកកូនរបស់ខ្លួន មកឲ្យពីងូតទឹកវិញ និងបានសួរអ្នក ជំងឺក្បែរៗនោះ ថាមិនបានឃើញអ្នកណាយកកូនមកទេ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង នាម៉ោង ជិត៦ល្ងាច ថ្ងៃដដែលនេះ ។

ស្រ្តីជាម្តាយ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ខ្លួនបានចូលមកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែក មានជ័យ ហើយបានសម្រាល កូនប្រុសមួយ មានទម្ងន់ ២,៥គីឡូក្រាម កូនប្រុសនេះ សុខភាពល្អ និងស្អាតណាស់ ។

លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅទី១ បានឲ្យដឹងថា ស្រ្តីដែលគេលួចយកកូន នេះ មានឈ្មោះ កូវ ស្រីលក្ខណ៍ អាយុ ១៨ឆ្នាំ និងប្តីឈ្មោះ ឈិត ពៅ អាយុ ២២ឆ្នាំ ជាកម្មករ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ៕











Related

Security 557393439076220657

Post a Comment

emo-but-icon

item