ក្រុមអ្នកកាសែត ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅស្រុកមោងឫស្សី ស្លាប់ និង របួស ៧នាក់
-សហការីកាសែត កោះសន្តិភាព លោក ទី អ៊ុយសុង ស្លាប់នៅនឹងកន្លែងកើតហេតុ
បាត់ដំបង ៖ ក្រុមអ្នកកាសែតក្នុងស្រុក ពេលកំពុងធ្វើដំណើរ ឆ្ពោះទៅខេត្ដបាត់ដំបង ស្រាប់តែពេលទៅ ដល់ស្រុកមោងឫស្សី នៅក្នុងឃុំព្រៃស្វាយ បានជួបគ្រោះថ្នាក់ចរាចរណ៍បាន បណ្ដាលឱ្យអ្នកជិះនៅក្នុងរថយន្ដ ស្លាប់ និង របួស ៧នាក់ ក្នុងនោះ សហការីរបស់ សារព័ត៌មានកោះសន្ដិភាព លោក ទី អ៊ុយសុង បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្នាក់ទៀត ជាអ្នកបើកបរ ឈ្មោះ សុខ ពិសិដ្ឋ ក៏បានស្លាប់ ខណៈដែលអ្នកកាសែត ២នាក់ និងមន្រ្តីកាកបាទក្រហម ៣នាក់ផ្សេង ទៀត រងរបួសធ្ងន់ និងស្រាល។
ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ រួមមាន៖ ១. ឈ្មោះ ទេស សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ, ២. ឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ ៥៤ឆ្នាំ,៣. ម៉េង ម៊ុយឡេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនរងគ្រោះទាំង៣នាក់ ជាមន្រ្តីកាកបាទក្រហម។ ដោយឡែក អ្នកកាសែត២នាក់ទៀត ដែលរងរបួសនោះ ១. ឈ្មោះ ប៊ុន រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យ ស្ថានីយទូរទស្សន៍ហង្សមាស និងម្នាក់ទៀត ឈ្មោះ ស្រូយ នីកា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជា។
គ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ជីវិតអ្នកយកព័ត៌មាន ឱ្យស្ថាប័ន កោះសន្ដិភាព នឹងបណ្ដាលឱ្យរង របួសអ្នកកាសែត និងមន្រ្តី កាកបាទក្រហម ផ្សេងទៀតនោះ បានកើត ឡើង នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នេះ វេលាម៉ោងប្រមាណ៣ ខណៈដែលរថយន្ដតួរីស ដែល ពួកគេកំពុងជិះ បានជួបគ្រោះថ្នាក់ចរាចរ ដោយបើករថយន្តទៅបុកគូថរថយន្តក្រុងកាពីតូល។
យ៉ាងណាក៏ដោយ មិនទាន់ទទួលបានព័ត៌ មានលំអិតនៅឡើយទេ ជុំវិញគ្រោះថ្នាក់ ចរាចរណ៍នេះ ខណៈដែលកម្លាំងសមត្ថកិច្ច បាន និងកំពុងជួយ អន្ដរាគមន៍នៅកន្លែង កើតហេតុ ៕
